(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតលើ សេចក្ដីព្រាងច្បាប់មួយមានកញ្ចប់ថវិការាប់ពាន់លានដុល្លារ ដែលមានគោលដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយចិន ព្រមទាំងពង្រឹង បច្ចេកវិទ្យាបន្ទះឈីប ឬសឺមីកង់ឌុចទ័រ (semiconductor)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់ «America COMPETES Act of 2022» ក្នុងសំឡេង គាំទ្រ ២២២ ទល់នឹង២១០សំឡេងជំទាស់។ សមាជិកសភាតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យស្ទើរតែទាំងអស់បានគាំទ្រ ដោយមានតែម្នាក់ប៉ុណ្ណោះបាន បោះឆ្នោតជំទាស់ ខណៈសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋតែម្នាក់គត់ បានចូលរួមជាមួយបក្សប្រជាធិបតេយ្យគាំទ្រសេចក្ដីព្រាងច្បាប់ មួយនេះ។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបោះឆ្នោតអនុម័ត មុននឹងអាចបញ្ជូនវាឱ្យលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាដើម្បីឱ្យក្លាយជាច្បាប់៕