(យូអិន)៖ តំណាងប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានផ្តល់ដំបូន្មានដល់សហរដ្ឋអាមេរិកថា ការដោះស្រាយបញ្ហាអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកហើយ តែអាមេរិកត្រូវមានភាពស្មោះត្រង់ និងបត់បែនបន្តិច នោះទើបអាចសម្រេចកិច្ចការបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

អគ្គរដ្ឋទូតចិនប្រចាំនៅ UN លោក ចាង ជុន (Zhang Jun) បានណែនាំសហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «ពួកគេគួរតែមានវិធីសាស្ត្រ ដែលទាក់ទាញ និងសកម្មជាងមុន ទាំងលើគោលនយោបាយ និងការអនុវត្តជាក់ស្តែង ដែលអាចឆ្លើយតបនឹងក្តីកង្វល់នានា របស់ប្រទេសកូរ៉េខាងជើង។ កូនសោសម្រាប់ដោះស្រាយបញ្ហាកូរ៉េខាងជើង គឺស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិកហើយ»

គួរបញ្ជាក់ថា សមាជិកទាំង ១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានជួបពិភាក្សាគ្នានៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) តបតាមការស្នើរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី (IRBM) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ទាំងអាវុធនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលប្រភេទបាលីស្ទីក (មីស៊ីលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ) ដែលកូរ៉េខាងជើងទើបបានធ្វើតេស្ត គឺជាប្រភេទអាវុធដែលត្រូវបានហាមឃាត់ដោយ UNSC។ សហរដ្ឋអាមេរិកកំពុងជំរុញឲ្យ UNSC ចេញសេចក្តីថ្លែងការណ៍មួយជុំវិញបញ្ហានេះ។ យ៉ាងណាក៏ដោយ តំណាងចិនបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខ UN គួរចេញសេចក្តីថ្លែងការណ៍ ឬមួយក៏អត់នោះ គឺអាស្រ័យទៅលើថា តើវាអាចជួយបន្ធូរបន្ថយភាពតានតឹង បានដែរឬមួយក៏យ៉ាងណា៕