(ម៉ូស្គូ)៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់ដូច្នេះថា «ទំនាក់ទំនងមិត្តភាពរវាង
ប្រទេសទាំង២ មិនមានព្រំដែនកំណត់ឡើយ ហើយវាក៏គ្មានឧបសគ្គរារាំងក្នុងការធ្វើកិច្ចសហប្រតិបត្តិការនោះដែរ»

បន្ថែមពីលើនេះ ចិន និងរុស្ស៊ីក៏បានប្រកាសផងដែរពីផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះរួមមាន អវកាស, ការប្រែប្រួលអាកាសធាតុ, បញ្ញាសម្បនិម្មិត (AI) ព្រមទាំងការគ្រប់គ្រងអ៉ិនធើណិត ជាដើម។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីជំនួបរវាងលោក ស៊ី ជិនពីន និងលោក ពូទីន អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថាលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយចិនដែរ។ តែបានព្រមានថាការបង្កអស្ថិរភាព ឬជម្លោះណាមួយដោយរុស្ស៊ី នៅក្នុង តំបន់អឺរ៉ុប ក៏នឹងបំផ្លាញដល់ផលប្រយោជន៍ចិនដូចគ្នាដែរ៕