(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៉ីបានបញ្ជាក់នៅថ្ងៃសុក្រនេះ ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន១៦៨,២០១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១២,៤៥២,៧៦៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៉ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៦៨២នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ៣៣៤,០៣៩នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ៥៨,៤៤៩នាក់ ក្នុងចំណោមចំនួនសរុប ១០,៤៤៩,៧៣២នាក់៕