(ម៉ានីល)៖ អតីតសេ្ដចប្រដាល់អាស៊ី Manny Pacquiao នៅថ្ងៃសុក្រនេះបានសន្យាថាលោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកម្ចាត់អំពើពុករលួយ ក៏ដូចជាប្រមូល ត្រឡប់មកវិញនូវទ្រព្យសម្បត្តិរដ្ឋមានតម្លៃរាប់ពាន់លានដុល្លារ ដែលបានបាត់បង់ ក្រោយការដួលរលំនៃរបបដឹកនាំរបស់មេដឹកនាំផ្ដាច់ការហ្វីលីពីនលោក Marcos។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមលោក Manny Pacquiao គណៈកម្មការប្រធានាធិបតីស្ដីពីរដ្ឋាភិបាលល្អ ឬហៅកាត់ថា PCGG ដែលបានប្រមូលត្រឡប់មកវិញនូវប្រាក់ ៣.៤១ពាន់លាន ដុល្លារនៃទ្រព្យសម្បតិ្តរបស់គ្រួសារលោក Marcos ក្នុងរយៈពេល ៣៣ឆ្នាំមកនេះ នឹងត្រូវបានផ្ដល់អំណាចបន្ថែម ដើម្បីរឹបអូសប្រាក់បន្ថែមទៀត ប្រសិនបើ រូបលោកជាប់ឆ្នោតជាប្រធានាធិបតី។

លោក Pacquiao បានគូសបញ្ជាក់ដូច្នេះថា «អំពើពុករលួយ គឺជាហេតុផលមួយដែលធ្វើឱ្យប្រទេសរបស់យើងក្រីក្រ ដោយសារតែមានពួកចោរនៅក្នុងជួរ រដ្ឋាភិបាល ដូច្នេះយើងចាំបាច់ត្រូវលុបបំបាត់អំពើពុករលួយចោល»។ គ្រួសាររបស់លោក Marcos ត្រូវបានគេចោទប្រកាន់ថាបានកឹបកេងលុយដោយខុសច្បាប់ប្រហែលជា ១០ពាន់លានដុល្លារក្នុងពេលលោកកំពុងកាន់អំណាច។

គួរបញ្ជាក់ថា លោក Ferdinand Marcos Jr ដែលជាកូនប្រុសរបស់លោក Marcos និងជាបេក្ខជនប្រធានាធិបតីហ្វីលីពីនឈានមុខគេម្នាក់ បាននិយាយកាលពី ថ្ងៃទី២៥ ខែមករា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុមួយថាលោកនឹងគោរពតាមច្បាប់ ព្រមទាំងការសម្រេចចិត្តរបស់តុលាការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិគ្រួសារ របស់លោក៕