(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅថ្ងៃសុក្រនេះ បានបើកជំនួបទល់មុខគ្នាជាលើកដំបូង ជាមួយមេដឹកនាំពិភពលោក បើគិតក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដោយលោកបានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានស្ងើចសរសើរជាខ្លាំង ចំពោះចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរ ខណៈដែលភាពតានតឹងកំពុងកើនឡើង ជាមួយក្រុមប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស៉ី និងលោក ពូទីន បានជួបគ្នានៅឯរដ្ឋធានីប៉េកាំងរបស់ចិន ស្របពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនង កាន់តែមានភាពស៉ីជម្រៅខ្លាំងថែមទៀត ចំពោះមុខការរិះគន់ខ្លាំងឡើងពីសំណាក់លោកខាងលិច។ ក្នុងឱកាសជួបទល់មុខគ្នានោះ លោក ពូទីន បានថ្លែងថា ទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយទីក្រុងប៉េកាំង កំពុងអភិវឌ្ឍទៅមុខជាលំដាប់ នៅលើគន្លងផ្លូវមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្រ្ត ហើយវាគឺជាឧទាហរណ៍នៃទំនាក់ទំនងមួយ ដែលប្រកបដោយសេចក្តីថ្លៃថ្នូរ។

គួរបញ្ជាក់ថា សម្រាប់លោក ស៉ី ជិនពីង គឺលោកមិនបានចាកចេញពីប្រទេស ចាប់តាំងពីដើមឆ្នាំ២០២០មកម្ល៉េះ នៅពេលដែលវីរុស COVID-19 កំពុងអុកឡុកនៅចិនខ្លាំង។ យ៉ាងណាមិញ ឥឡូវក្នុងឱកាសនៃការចាប់ផ្តើមព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង លោក ស៉ី នឹងត្រូវបំពេញសកម្មភាពការទូតយ៉ាងមមាញឹក ដោយមេដឹកនាំមកពីប្រទេសជាង២០ បានធ្វើដំណើរទៅចូលរួម កម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនេះ៕