(ញូដេលី)៖ តួលេខផ្លូវការពីរដ្ឋាភិបាលឥណ្ឌា ត្រូវបានបញ្ចេញនៅថ្ងៃសុក្រនេះ ឲ្យឃើញថា ចំនួនមនុស្សស្លាប់បង្កឡើងជំងឺ COVID-19 នៅទូទាំងប្រទេសដែលមានប្រជាជន ១,៤០០លាននាក់មួយនេះ បានលោតចូលដល់ខ្ទង់ ៥០០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញឥណ្ឌាបានអះអាងថា ចំនួនពិតប្រាកដនៃអ្នកស្លាប់ ដោយសារតែជំងឺ COVID-19 នៅទូទាំងប្រទេសឥណ្ឌា អាចមានច្រើនជាងតួលេខផ្លូវការទៅទៀត ព្រោះតែតំបន់មួយចំនួនត្រូវបានគេជឿជាក់ថា មិនបានធ្វើការកត់ត្រាតួលេខមនុស្សស្លាប់ និងធ្វើតេស្តរក COVID-19 ឲ្យបានគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា ឥណ្ឌាបានមើលឃើញចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 លោតចូលដល់ខ្ទង់ ៤០០,០០០នាក់ កាលពីខែកក្កដា ឆ្នាំ២០២១ គឺនៅពេលដែលវីរុសបំប្លែងខ្លួន Delta បានរាតត្បាត នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដល់កម្រិតកំពូល។ ឥណ្ឌានៅតែជាប្រទេស ដែលមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេលំដាប់លេខ ២ លើលោក ដោយមានចំនួនអ្នកឆ្លងសរុបជិត ៤២លានករណី ខណៈសហរដ្ឋអាមេរិកវិញមានជាង ៧៧លានករណី ស្ថិតនៅលំដាប់លេខ ១៕