(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នឹងបើកសម័យប្រជុំសភាដ៏សំខាន់មួយ នាចុងសប្តាហ៍នេះ ដែលនឹងក្លាយជាឱកាសសម្រាប់លោក គីម ជុងអ៊ុន ផ្ញើសារទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឬក៏អាចជាឱកាសដែលលោកនឹងបង្ហើប អំពីចេតនាពិតប្រាកដ នៅពីក្រោយការធ្វើតេស្តមីស៊ីលជាច្រើនលើក កាលពីខែមករាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមការដកស្រង់ប្រភព ចេញពីសារព័ត៌មានកូរ៉េខាងជើង, សម័យប្រជុំលើកទី ៦ នៃសភាប្រជាជនជាន់ខ្ពស់ទី ១៤ (SPA) ខាងលើនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីកិច្ចការដែលនឹងត្រូវធ្វើ ព្រមទាំងកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នាំ ២០២២ នេះតែម្តង។ SPA ត្រូវបានគេដឹងថា ជាស្ថាប័នដ៏មានអំណាចខ្ពស់បំផុត ស្ថិតក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា សម័យប្រជុំសភាខាងលើនេះ កើតមានឡើងមួយសប្តាហ៍ បន្ទាប់ពីការបាញ់សាកល្បងគ្រាប់់មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម (IRBM) របស់ប្រទេសកូរ៉េខាងជើង ដែលត្រូវជាលើកទី ៧ សម្រាប់ដើមឆ្នាំ ២០២២ នេះ។ ដោយឡែកការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) លើកចុងក្រោយបំផុត បានកើតមានឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភពដែលអាចបញ្ជាក់ថា តើលោក គីម ជុងអ៊ុន នឹងចូលរួមសម័យប្រជុំខាងលើនេះ ដោយផ្ទាល់ឬមួយក៏យ៉ាងណានោះឡើយ៕