(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានចេញមុខព្រមានដល់ក្រុមហ៊ុនចិនទាំងឡាយថា ពួកគេនឹងត្រូវប្រឈមផលវិបាក ប្រសិនបើហ៊ានព្យាយាមគេចវេសចំណាត់ការគ្រប់គ្រងការនាំចេញណាមួយ ដែលត្រូវដាក់ទៅលើទីក្រុងម៉ូស្គូ ក្នុងករណីដែលរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នែដ ប្រៃ (Ned Price) បាននិយាយយ៉ាងដូច្នេះថា «យើងមានមធ្យោបាយផ្សេងៗជាច្រើន ដែលអាចយកមកប្រើបាន ប្រសិនបើពួកយើងមើលឃើញក្រុមហ៊ុនបរទេសណាមួយ ក្នុងនោះរួមទាំងក្រុមហ៊ុននៅឯប្រទេសចិន ខំប្រឹងព្យាយាមរកវិធីសាស្រ្ត ដើម្បីគេចវេសពីចំណាត់ការគ្រប់គ្រងការនាំចេញ ដែលសហរដ្ឋអាមេរិកអាចដាក់ទៅលើប្រទេសរុស្ស៉ី»

ការលើកឡើងដូចខាងលើដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានកើតមានបន្ទាប់ពីក្រសួងការបរទេសចិន បានប្រកាសឱ្យដឹងថា ចិននិងរុស្ស៉ីបានបង្ហាញពីគោលជំហរជុំវិញបញ្ហាអ៊ុយក្រែន កំលុងជំនួបទល់មុខគ្នារវាងប្រមុខការទូតនៃប្រទេសទាំងពីរ នៅឯទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា ក្រុមប្រទេសលោកខាងលិច បានព្រមានរួចជាស្រេចហើយថា ប្រសិនបើមានការឈ្លានពានលើអ៊ុយក្រែនដោយរុស្ស៉ី នោះរុស្ស៉ីនឹងត្រូវរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមិនខានឡើយ ហើយសហរដ្ឋអាមេរិកក៏បានត្រៀមលក្ខណៈដូចគ្នាផងដែរ ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ រួមជាមួយចំណាត់ការគ្រប់គ្រងការនាំចេញផលិតផល ទៅលើប្រទេសរុស្ស៉ី៕