(ព្រុចសែល)៖ ប្រធានគណៈកម្មការនៃសហភាពអឺរ៉ុប (EU) លោកស្រី អឺស៊ូឡា វ៉ុនដឺ លេយែន (Ursula von der Leyen) បានប្រកាសថា សហភាពអឺរ៉ុបបានត្រៀមរួចជាស្រេចនូវ កញ្ចប់ទណ្ឌកម្មកម្រិតធ្ងន់និងគ្រប់ជ្រុងជ្រោយ ដើម្បីទម្លាក់ទៅលើប្រទេសរុស្ស៉ី ក្នុងករណីដែល ទីក្រុងម៉ូស្គូពិតជាហ៊ានធ្វើការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី von der Leyen បាននិយាយយ៉ាងដូច្នេះថា «យើងបានរៀបចំនូវកញ្ចប់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ដែលមានកម្រិតធ្ងន់ធ្ងរ និងគ្រប់ជ្រុងជ្រោយបំផុត ដោយក្នុងនោះរួមមានទាំងការដាក់កំហិតលើ ការទទួលបានវិនិយោគទុនពីបរទេស និងការគ្រប់គ្រងការនាំចេញផលិតផលជាដើម ជាពិសេសលើសម្ភារៈបច្ចេកទេស»។ បើតាមលោកស្រីប្រធានគណៈកម្មការអឺរ៉ុប បណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ណដ ស្រ្ទីម ធូ (Nord Stream 2) ក៏ជាប់ពាក់ព័ន្ធក្នុងកញ្ចប់ទណ្ឌកម្មនេះដែរ ដោយសំណួរថាតើបណ្តាញនេះ អាចដំណើរការទៅបានដែរឬអត់ គឺនឹងត្រូវអាស្រ័យលើទង្វើរបស់រុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានចោទប្រទេសរុស្ស៉ី អំពីការបង្កើតផែនការ ដើម្បីប្រឌិតចេញជាលេសមួយ សម្រាប់ឲ្យខ្លួនអាចវាយប្រហារប្រទេសអ៊ុយក្រែន។ យ៉ាងណាក្តី វិមានក្រឹមឡាំងរុស្ស៉ី បានចោទសហរដ្ឋអាមេរិកវិញថា មិនអើពើចំពោះការអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនបានប្រកាសថា ខ្លួននឹងចល័តកងទ័ពជិត៣,០០០នាក់បន្ថែម ទៅកាន់ប្រទេសប៉ូឡូញនិងរ៉ូម៉ានី៕