(ប៉េកាំង)៖ ពេលបើកទ្វារនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អ្នកផងទាំងពួងអាចមើលឃើញ អ្នកស្ម័គ្រចិត្តដែលបាន និងកំពុងផ្តល់សេវាយ៉ាងរាក់ទាក់កក់ក្តៅ ដូចជាអ្នកនាង Li Xia អញ្ចឹងដែរ។ តាមពិតទៅ ការងារជ្រើសរើសអ្នកស្ម័គ្រចិត្តនៅទូទាំងពិភពលោក នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩មកម្ល៉េះ គ្រាន់តែប្រកាសព័ត៌មានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ អ្នកចុះឈ្មោះក៏បានលើសពី៤៦ម៉ឺននាក់រួចហើយ។ ប្រការនេះជាគំរូមួយដែលបានបង្ហាញឱ្យឃើញថា ប្រទេសចិនរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយបើកចំហ ក៏ដូចជាកម្លាំងទាក់ទាញរបស់ «ចិនប្រកបដោយបើកទូលាយ» ផងដែរ។

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសុំស្នើរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កាលពីឆ្នាំ២០១៥ ប្រទេសចិនក៏បានរៀនសូត្រពី បទពិសោធន៍របស់ការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំង និងបទពិសោធន៍របស់ប្រទេសផ្សេងទៀត ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក ហើយបានប្រកាន់ខ្ជាប់ទស្សនៈបើកចំហ ក្នុងដំណើរទាំងស្រុងសម្រាប់ត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានអញ្ជើញអ្នកជំនាញបរទេសចំនួន៣៧រូប និងបុគ្គលិកបច្ចេកទេសឯកទេសបរទេសចំនួន២០៧រូប ទៅចូលរួមការងារត្រៀមរៀបចំការប្រកួតកីឡា។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងសកម្ម ជាមួយអង្គការកីឡាអន្តរជាតិ លើវិស័យកិច្ចកសាងកីឡាដ្ឋាន ផលិតព្រិលទឹកកក ការរៀបចំការប្រកួតនិងការបង្វឹកបង្ហាត់ជាដើម ព្រមទាំងទទួលបានការរីកចម្រើនយ៉ាងលេចធ្លោផងដែរ ដែលបានជំរុញយ៉ាងខ្លាំងនូវ ការផ្លាស់ប្តូរលើវិស័យកីឡារវាងចិននិងបរទេស។

ឆ្ពោះទៅកាន់ពិភពលោក ឆ្ពោះទៅកាន់អនាគត និងឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ធ្វើឱ្យការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្លាយជាម៉ាស៊ីនសម្រាប់ជំរុញការបើកទូលាយចំពោះបរទេស។ នេះជាពាក្យសន្យាយ៉ាងមុតមាំរបស់ប្រទេសចិន។ អនុលោមតាម «ផែនការអភិវឌ្ឍកីឡាព្រិលទឹកកក (២០១៦-២០២៥)» ដែលប្រទេសចិនបានគ្រោងទុក ដល់ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់ឧស្សាហកម្មព្រិលទឹកកករបស់ចិននឹងឡើងដល់ ១ទ្រីលានប្រាក់យាន់ចិន។ សហគ្រាសបរទេសជាច្រើន ក៏បានចាត់ទុកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាកាលានុវត្តភាព បាននិងកំពុងចូលរួមបុព្វហេតុកីឡាព្រិលទឹកកករបស់ចិន ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។

ក្នុងនាមជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ពង្រីកការបើកទូលាយរបស់ចិន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននាំមកនូវកាលានុវត្តភាពដ៏សម្បូរបែបដល់បុព្វហេតុកីឡាអន្តរជាតិ និងឧស្សាហកម្មព្រិលទឹកកក ។ ការប្រកួតកីឡាអូឡាំពិកមិនត្រឹមតែជា ព្រឹតិ្តការណ៍កីឡាដ៏ឱឡារិកប៉ុណ្ណោះទេ ថែមទាំងក៏ជាវេទិកាផ្លាស់ប្តូរវប្បធម៌ទីទៃពីគ្នាផងដែរ។ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ ទាំងសញ្ញាការប្រកួតឈ្មោះ «សុបិនរដូវរងា» តុក្កតាសិរីមង្គលឈ្មោះ «Bing Dundun» និង «Xue Rongrong» និងមជ្ឈមណ្ឌលលេងស្គីឈ្មោះ «Xue Ruyi» សាលស្គីល្បឿនលឿនជាតិឈ្មោះ «ខ្សែក្រវាត់ទឹកកក» សញ្ញានៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនីមួយៗ សុទ្ធតែបានក្លាយជាបង្អួចសម្រាប់បង្ហាញពីវប្បធម៌ចិនដ៏មានលក្ខណៈពិសេស ហើយក៏ជាសក្សីសម្រាប់ប្រទេសចិនដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងប្រកដោយភាពបើកទូលាយ និងរួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយស្មារតីអូឡាំពិក ក៏ដូចជាជំរុញការរួមបញ្ចូលគ្នារវាងវប្បធម៌របស់បូព៌ា និងបស្ចិមប្រទេសផងដែរ។

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើកជាផ្លូវការ។ ប្រជាជននៅទូទាំងពិភពលោក ដែលនឹងមកជួបជុំគ្នាលើវេទិកាបើកទូលាយនេះ មិនត្រឹមតែអាចទស្សនាព្រឹតិ្តការណ៍ប្រកួតដ៏ឱឡារិកមួយលើកប៉ុណ្ណោះទេ ថែមទាំងក៏អាចមើលឃើញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញ ការផ្លាស់ប្តូរពិភពលោកលើវិស័យកីឡា ធ្វើកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយ និងការរៀនសូត្រពីវប្បធម៌រវាងគ្នានិងគ្នាផងដែរ៕