(ប៉ារីស)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ (ពេលវេលានៅទីក្រុងប៉ារីស) ដែលជាលើកទី ៣ ហើយនៅអំលុងពេល ១សប្តាហ៍មកនេះ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាសន្តិសុខ ដែលរុស្ស៊ីចង់បានពីលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

វិមានក្រឹមឡាំងបានប្រកាសឲ្យដឹង នៅក្រោយកិច្ចសន្ទនាខាងលើនេះថា មេដឹកនាំទាំងពីររូបបានបន្ត «ការសន្ទនាជាមួយគ្នា លើប្រធានបទសំខាន់ៗ» ពាក់ព័ន្ធស្ថានភាពនានានៅអ៊ុយក្រែន ព្រមទាំងការបង្កើតឲ្យមាន «ការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់» រវាងប្រទេសរុស្ស៊ី និងក្រុមប្រទេសលោកខាងលិច។

ស្ថិតក្នុងឱកាសនោះ លោក ពូទីន ក៏បានលើកឡើងប្រាប់លោក ម៉ាក្រុង អំពី «សេចក្តីថ្លែងការណ៍បែបបង្កហេតុ និងសកម្មភាពរបស់ថ្នាក់ដឹកនាំក្រុងកៀវ» ដែលបានប្រឆាំងទៅនឹងកិច្ចព្រមព្រៀងទីក្រុង មីង (Minsk) ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ម៉ាក្រុង បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី២៨ និងថ្ងៃទី៣១ ខែមករា ដើម្បីផ្លាស់ប្តូរទស្សនគ្នា ជុំវិញបញ្ហាដូចខាងលើនេះ ខណៈដែលភាពតានតឹងរវាងរុស្ស៊ី និងក្រុមសម្ព័ន្ធមិត្ត NATO ដឹកនាំដោយសហរដ្ឋអាមេរិក បានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

អ្វីដែលរុស្ស៊ីបានទាមទារកន្លងមក នោះគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ត្រូវតែធានាថា អ៊ុយក្រែនគ្មានថ្ងៃក្លាយជាសមាជិកមួយរបស់ NATO ជាដាច់ខាត ព្រោះវានឹងក្លាយជាការគំរាមកំហែង ដោយប្រយោលចំពោះសន្តិសុខរុស្ស៊ី។ តែយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធចំពោះការទាមទារនេះ និងបានកៀរគរសម្ព័ន្ធមិត្ត ដើម្បីគំរាមដាក់់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ប្រសិនបើការវាយប្រហារអ៊ុយក្រែន ផ្ទុះឡើងថែមទៀត៕