(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន) ថា មេដឹកនាំនៃបណ្តាញក្រុមភេរវករ ISIS បានធ្វើអត្តឃាតខ្លួនឯង ព្រមទាំងក្រុមគ្រួសារនៅក្នុងផ្ទះមួយ កំលុងការចុះធ្វើប្រតិបត្តិការ ដោយកងទ័ពអាមេរិកនៅលើទឹកដីប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

មេដឹកនាំ ISIS ដែលបានធ្វើអត្តឃាតជាមួយគ្រួសារខ្លួនឯងខាងលើនេះ មានឈ្មោះថា អាប៊ូ អ៊ីប្រាហ៊ីម អាល់-ហាហ្សេមី អាល់-គួរ៉ៃហ្ស៊ី (Abu Ibrahim al-Hashemi al-Quraishi) បានឡើងកាន់តំណែង បន្ទាប់ពីមេដឹកនាំមុន គឺលោក អាប៊ូ បាកឺ អាល់ បាកដាឌី (Abu Bakr al-Baghdadi) បានស្លាប់នៅកំលុងការវាយលុកដោយ កងកុម៉្មង់ដូពិសេសនៃសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩។

បើតាមការថ្លែងរបស់លោក ចូ បៃដិន និងមន្ត្រីរបស់លោក មេដឹកនាំ ISIS លោក al-Quraishi បានបំផ្ទុះគ្រាប់បែកក្នុងផ្ទះរបស់លោក ដែលនាំឲ្យលោក និងសមាជិកគ្រួសារ ក្នុងនោះរួមមានទាំងកុមារផងដែរ ត្រូវបាត់បង់ជីវិតទាំងអស់គ្នា ខណៈកងកម្លាំងយោធាអាមេរិក បានចុះទៅវាយឆ្មក់តំបន់ដែលលោកស្នាក់នៅ ក្នុងក្រុងអាតម៉េហ៍ (Atmeh) នៃភាគពាយ័ព្យប្រទេសស៊ីរីនោះទាំងយប់។

លោក ចូ បៃដិន បានថ្លែងចេញពីសេតវិមាន ទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «អរគុណចំពោះភាពក្លាហាននៃកងទ័ពរបស់យើង... មេដឹកនាំភេរវករដ៏អាក្រក់មួយនេះ លែងមានទៀតហើយ»

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង ពីសំណាក់មេដឹកនាំ ISIS ខាងលើនេះ ក៏បានធ្វើឲ្យមនុស្សម្នាផ្សេងទៀត នៅក្នុងអគារលំនៅឋានកម្ពស់ ៣ជាន់ក្នុងក្រុង Atmeh នោះ បាត់បង់ជីវិតផងដែរ។ សហរដ្ឋអាមេរិកបានចាត់ទុកថា ការបាត់បង់ជីវិតជនស៊ីវិលទាំងអស់នេះ គឺជាស្នាដៃរបស់ក្រុម ISIS៕