(ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ីបានធ្វើការសម្របសម្រួល អំពីតួនាទីរៀងៗខ្លួន ពាក់ព័ន្ធនឹងអ៊ុយក្រែន នៅកំលុងការបើកកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសេចក្តីថ្លែងការណ៍ ចេញផ្សាយក្រោយជំនួបរវាង រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានគូសបញ្ជាក់ថា ប្រទេសចិនបានសម្តែងការយល់ដឹង និងគាំទ្រចំពោះគោលជំហររបស់រុស្ស៊ី ស្តីពីបញ្ហាសន្តិសុខជុំវិញទំនាក់ទំនងរវាងរុស្ស៊ី ជាមួយសហរដ្ឋអាមេរិក និងអង្គការ NATO។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ឲ្យដឹងទៀតថា ប្រទេសចិន និងរុស្ស៊ីបានបានសម្របសម្រួលជំហររៀងៗខ្លួន ទៅលើបញ្ហាប្រឈមសំខាន់រួមក្នុងតំបន់ដូចជា អ៊ុយក្រែន, អាហ្វហ្កានីស្ថាន និងស្ថានការណ៍នៅឧបទ្វីបកូរ៉េជាដើម។ យ៉ាងណាក៏ដោយ ភាពស៊ីជម្រៅបន្ថែមពីនេះទៀត អំពីកិច្ចប្រជុំខាងលើនេះ គឺមិនត្រូវបានលើកឡើងនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែនថ្មីៗនេះបានអះអាងថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពសរុប ១១៥,០០០នាក់ នៅក្បែរព្រំដែនរបស់ខ្លួន ជាសញ្ញាបង្ហាញអំពីការវាយប្រហារ ដែលជិតនឹងកើតឡើង។ រុស្ស៊ីនៅតែច្រានចោលការចោទប្រកាន់ថា ខ្លួនមានផែនការវាយលុកអ៊ុយក្រែន ខណៈបណ្តាប្រទេសលោកខាងលិច នៅតែបន្តការចោទប្រកាន់រឿងនេះជានិច្ច។

អ្វីដែលរុស្ស៊ីបានទាមទារកន្លងមក នោះគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ត្រូវតែធានាថា អ៊ុយក្រែនគ្មានថ្ងៃក្លាយជាសមាជិកមួយរបស់ NATO ជាដាច់ខាត ព្រោះវានឹងក្លាយជាការគំរាមកំហែង ដោយប្រយោលចំពោះសន្តិសុខរុស្ស៊ី។ តែយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធចំពោះការទាមទារនេះ និងបានកៀរគរសម្ព័ន្ធមិត្ត ដើម្បីគំរាមដាក់់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ប្រសិនបើការវាយប្រហារអ៊ុយក្រែន ផ្ទុះឡើងថែមទៀត៕