(ណៃពិដោរ)៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ថារដ្ឋាភិបាលយោធាបានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងលោកស្រី អោង សាន ស៊ូជី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់ លោកស្រីអាច នឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ១៥០ឆ្នាំឯណោះ។ លោកស្រី អោង សាន ស៊ូជី ក៏ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តនា្ទទោសរួចហើយដែរដាក់ពន្ធនាគារ ៦ឆ្នាំ ដោយលោកស្រីត្រូវអនុវត្តទោសនេះតាមរយៈការជាប់ឃុំនៅក្នុងផ្ទះ។

មកទល់នឹងពេលនេះ, ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ រីឯមេធាវីរបស់លោកស្រី ស៊ូជី ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក អ្នកនយោបាយ និងមន្ត្រីជាច្រើនរូបមកពីគណបក្សរបស់លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានមន្ត្រីម្នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទភេរវកម្ម៕