(វ៉ាស៊ីនតោន)៖ មន្ត្រីចារកម្មនៃសហរដ្ឋអាមេរិក បានអះអាងនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានបង្កើតផែនការ ដើម្បីប្រឌិតចេញជាលេសមួយ សម្រាប់ឲ្យខ្លួនអាចវាយប្រហារប្រទេសអ៊ុយក្រែន ក្នុងនោះអាចមានដូចជា ការបង្កើតវីដេអូតាមកុំព្យូទ័រ ដែលបង្ហាញអំពីហានិភ័យដែលប្រទេសរុស្ស៊ី អាចនឹងត្រូវទទួលរងការវាយប្រហារ ពីសំណាក់ក្រុមសម្ព័ន្ធមិត្តអាមេរិក និងអ៊ុយក្រែនជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានធ្វើការចោទប្រកាន់ប្រទេសរុស្ស៊ី យ៉ាងដូច្នេះទៀតថា ជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនរបស់ទីក្រុងម៉ូស្គូ នោះគឺការប្រឌិតឡើងនូវវីដេអូក្រាហ្វិកអំពីការផ្ទុះមួយ ដែលសំដៅលើពលរដ្ឋរុស្ស៊ី និងមានអ្នកកាន់ទុក្ខផងដែរ ព្រមទាំងឧបករណ៍ដែលបង្ហាញថា វាជាទង្វើរបស់អ៊ុយក្រែន ឬបណ្តាប្រទេសសម្ព័ន្ធមិត្ត។

បើតាមមន្ត្រីចារកម្មអាមេរិក ទីក្រុងម៉ូស្គូអាចនឹងបញ្ចេញវីដេអូដូចខាងលើនេះ ដើម្បីពន្យល់ពលរដ្ឋរបស់ខ្លួន អំពីការគំរាមកំហែងសន្តិសុខចំពោះរុស្ស៊ី និងឲ្យពួកគេគាំទ្រប្រតិបត្តិការយោធា។ ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើវីដេអូបែបនេះ ត្រូវបានចេញផ្សាយមែន នោះវានឹងអាចបំពេញតាមតម្រូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន ក្នុងការបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន ប្រកបដោយភាពត្រឹមត្រូវ នៅក្នុងភ្នែករាស្ត្ររបស់លោក។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានឆ្លើយតបទៅនឹងការចោទប្រកាន់ ពីសំណាក់សហរដ្ឋអាមេរិកខាងលើនេះ តាមរយៈសារព័ត៌មាន TASS របស់រុស្ស៊ីថា «នេះមិនមែនជាសេចក្តីរាយការណ៍ដំបូងនោះឡើយ។ អ្វីដែលស្រដៀងគ្នានេះ ក៏ត្រូវធ្លាប់ត្រូវបានលើកឡើងផងដែរ។ ប៉ុន្តែពុំមានអ្វីបានលេចចេញមកនោះឡើយ»