(ប្រ៊ុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនៅតែបន្តបង្កើនកម្លាំងយោធារបស់ខ្លួននៅជុំវិញអ៊ុយក្រែន ដោយបានគូសបញ្ជាក់ថា ឥឡូវនេះទីក្រុងមូស្គូបានដាក់ពង្រាយកងទ័ព និងឧបករណ៍យោធាបន្ថែមទៀតទៅកាន់ប្រទេសបេឡារុស្ស ដែលច្រើនជាងពេលណាទាំងអស់ ក្នុងរយៈពេល៣០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការ NATO ក្នុងទីក្រុងប្រ៊ុចសែលថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញចលនាដ៏ធំនៃកងកម្លាំងយោធារុស្ស៊ីទៅកាន់ប្រទេសបេឡារុស្ស។ នេះគឺជាការដាក់ពង្រាយដ៏ធំបំផុតរបស់រុស្ស៊ីនៅទីនោះ ចាប់តាំងពីសង្គ្រាមត្រជាក់មក»។

លោកបាននិយាយថា ចំនួនកងទ័ពរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សទំនងជាកើនឡើងដល់៣០,០០០នាក់ ដោយមានការគាំទ្រពីកងកម្លាំងពិសេស យន្តហោះចម្បាំងទំនើបៗ មីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander និងប្រព័ន្ធការពារមីស៊ីលពី S-400 ។

គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ីមានទាហានជាង១០០,០០០នាក់ឈរជើងនៅជិតព្រំដែនភាគខាងជើង និងខាងកើតរបស់អ៊ុយក្រែន ដែលបង្កើនការភ័យខ្លាចថា ទីក្រុងម៉ូស្អាចនឹងវាយលុកអ៊ុយក្រែនម្តងទៀត ដូចកាលពីឆ្នាំ២០១៤។ ទោះជាយ៉ាងណា មន្ត្រី រុស្ស៊ី បដិសេធ ថា មិន មាន ផែនការបែបនោះទេ៕