(វ៉ាស៊ីនតោន)៖ ជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយរបស់កងទ័ពពិសេសអាមេរិក នៅឯភាគពាយព្យនៃប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

សារព័ត៌មាន Al Jazeera ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីប្រជាជនរស់នៅក្នុងតំបន់ និងក្រុមអ្នកប្រយុទ្ធនៃក្រុមឧទ្ទាមស៊ីរី បានឱ្យដឹងទៀតថាមនុស្ស យ៉ាងហោច ១២នាក់ ក្នុងនោះមានកុមារ ៧នាក់ និងស្ត្រី ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះ
របស់កងទ័ពអាមេរិក នៅក្នុងខេត្ត Idlib ស្ថិតនៅក្បែរតំបន់ព្រំដែនតួកគី និងជាមូលដ្ឋានរឹងមាំចុងក្រោយបំផុតរបស់ក្រុមឧទ្ទាមស៊ីរីប្រឆាំងនឹងរដ្ឋាភិបាល
លោកប្រធានាធិបតី បាស្សា អាល់ អាសាដ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកក៏បានទទួលស្គាល់ដែរថាយោធារបស់ខ្លួន បានដឹកនាំបេសកកម្មប្រឆាំងភេរវកម្មដោយជោគជ័យនៅឯតំបន់ភាគពាយព្យ នៃប្រទេសស៊ីរី ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ ដោយគ្រាន់តែបង្ហើបថាគ្មានយោធាអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុងប្រតិបត្តិការនេះឡើយ៕