(ប៉េកាំង)៖ លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានផ្តល់បទសម្ភាសន៍ជាលាយលក្សអក្សរពិសេសជាមួយលោក Shen Hai Xiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

លោក ពូទីន បានថ្លែងថាខ្ញុំបានស្គាល់លោក ស៊ី ជិនពីង (Xi Jinping) ជាយូរមកហើយ ក្នុងនាមជាមិត្តល្អ និងអ្នកនយោបាយដែលមានមតិឯកភាពជាច្រើនលើ ការដោះស្រាយបញ្ហាពិភពលោក យើងបានបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាប់ជានិច្ច។ ទីក្រុងប៉េកាំង បានក្លាយទៅជាទីក្រុងទីមួយក្នុងប្រវត្តិសាស្ត្រ ដែលទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅនិងរដូវរងា។ ខ្ញុំបានដឹងថាម្ចាស់ផ្ទះបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាអូឡាំពិក ហើយ បង្កើតលក្ខខណ្ឌសម្រាប់ការធានាសុវត្ថិភាពរបស់អត្តពលិកបរទេស គ្រូបង្វឹកនិងអ្នកសារព័ត៌មានក្នុងកំឡុងពេលនៅប្រទេសចិន។

ខ្ញុំជឿជាក់ថាការត្រៀមរៀបចំដោយមានគុណភាពខ្ពស់សម្រាប់ការប្រកួតកីឡាអូឡាំពិក នឹងមានផលប្រយោជន៍ដល់អត្តពលិក ដើម្បីឱ្យពួកគេបង្ហាញសមត្ថភាព យ៉ាងពេញលេញ ហើយសម្រេចគោលដៅតាមការកំណត់។ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយ៉ាងឱឡារិក ជួយបង្កើនការយល់ដឹងពីគ្នា ទៅវិញទៅមកកាន់តែ ស៊ីជម្រៅ ហើយជំរុញគោលការណ៍ «ប្រកួតប្រជែងដោយយុត្តិធម៌» ដែលគេទទួលស្គាល់ជាទូទៅ។

យើងប្រឆាំងចំពោះទង្វើដែលធ្វើឱ្យកីឡាទៅជារឿងនយោបាយ ប្រឆាំងចាត់ទុកកីឡាជាឧបករណ៍សម្រាប់ការដាក់សម្ពាធ ការប្រកួតប្រជែងដោយអយុត្តិធម៌ និងរើសអើង។ ខ្ញុំជឿជាក់ថា ទីក្រុងប៉េកាំងមុខជានឹងរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឱ្យឈានដល់កម្រិតខ្ពស់បំផុតជាមិនខាន។ ទំនាក់ទំនងភាពជាដៃគូ រវាងរុស្ស៊ី និងប្រទេសចិនមានលក្ខណៈនឹងនរ ហើយបង្កើតលើមូលដ្ឋានដែលគោរពគ្នា និងគិតពិចារណាផលប្រយោជន៍ជាក់ស្តែងរបស់ខ្លួន ហើយគោរពច្បាប់ អន្តរជាតិ និង «ធម្មនុញ្ញអង្គការសហប្រជាជាតិ»។

គំនិតដែលយើងបានកំណត់ក្នុង «សន្ធិសញ្ញសុខដុមរមនារវាងរុស្ស៊ី និងប្រទេសចិន» ធ្វើឱ្យទំនាក់ទំនងជាដៃគូរវាងប្រទេសទាំង២ បានឡើងដល់កម្រិតខ្ពស់ដែល មិនធ្លាប់មានពីមុនមក៕