(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បានផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដើម្បីជួបពិភាក្សា ជាមួយសមភាគីរបស់លោក គឺលោក វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelensky) នៅថ្ងៃព្រហស្បតិ៍នេះ ដោយរំពឹងថាអាចនឹងសម្របសម្រួលបន្ធូរបន្ថយ ភាពតានតឹងជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីតួកគីម្នាក់បានបញ្ជាក់ថាតួកគីរំពឹងថាភាពតានតឹងសព្វថ្ងៃនឹងមានភាពធូរស្រាល នៅក្រោយជំនួបរវាង លោក អឺដូហ្កាន់ និងលោក ហ្សេឡិនស្គី ក្នុងទីក្រុងកៀវ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ ទីក្រុងអង់ការ៉ា និងទីក្រុងកៀវ បានអះអាងថាពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ព្រមទាំងកិច្ចព្រមព្រៀងជាច្រើនទៀត។ តែព្រមពេលជាមួយគ្នា មន្ត្រីតួកគីរូបនេះដដែលក៏បានឱ្យដែរថាតួកគីនឹងមិន ជ្រើសរើសឈរនៅខាងភាគីណាមួយឡើយ ពាក់ព័ន្ធនឹងវិបត្តិរុស្ស៊ី និងអ៊ុយក្រែន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក អឺដូហ្កាន់ កើតមានឡើង បន្ទាប់ពីមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិក NATO ដូចជាចក្រភពអង់គ្លេស, ប៉ូឡូញ និងហូឡង់ ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដែរ។ តួកគីមានទំនាក់ទំនងល្អជាមួយរុស្ស៊ីផង និងអ៊ុយក្រែនផង ប៉ុន្តែធ្លាប់បាននិយាយថាខ្លួននឹង ធ្វើអ្វីដែលចាំាបាច់ក្នុងនាមជាសមាជិក NATO ប្រសិនបើរុស្ស៊ីប្រើកម្លាំងយោធាលើអ៊ុយក្រែនមែននោះ៕