(ប៊ែរឡាំង)៖ គណៈកម្មាធិការជំនាញស្ដីពីការប្រើប្រាស់វ៉ាក់សាំងនៃប្រទេសអាល្លឺម៉ង់ ឬហៅកាត់ថា STIKO នឹងផ្ដល់អនុសាសន៍សម្រាប់ការប្រើប្រាស់វ៉ាក់សាំង បង្ការ COVID-19 ដូសទី៤ ក្នុងនោះពេលឆាប់ៗនេះ ប្រឈមមុខនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមលោក ថូម៉ាស់ មឺធិនស៍ (Thomas Mertens) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយហ្វុនកេ (Funke) នៅថ្ងៃព្រហស្បតិ៍នេះ លោក Thomas Mertens ដែលជាប្រធានគណៈកម្មាធិការ STIKO បានបញ្ជាក់ដូច្នេះថា «យើងទទួលបានទិន្នន័យពីប្រទេសអ៉ីស្រាអែល ដែលបង្ហាញថាវ៉ាក់សាំងបង្ការដូសទី៤ មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកុំឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដោយសារ COVID-19 ហើយ STIKO នឹងផ្ដល់អនុសាសន៍ក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា បណ្ដាប្រទេសជាច្រើន បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ប៉ុន្តែការសិក្សាមួយរបស់អ៉ីស្រាអែលកាលពីពេលថ្មីៗនេះបង្ហាញថា ដូសទី៤ នៃវ៉ាក់សាំងប្រភេទ «mRNA» មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំង ឬការពារមិនឱ្យឆ្លងអូមីក្រុងនោះឡើយ៕