(អ៊ុយក្រែន)៖ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួននឹងផ្តល់ជំនួយដល់អ៊ុយក្រែនប្រមាណ៥.៤លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការសន្ទនា និងការទប់ទល់ជារួមនៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

ជំនួយនេះនឹងចូលទៅក្នុងមូលនិធិភាពជាដៃគូសម្រាប់ Resilient Ukraine ដែលបានចាប់ផ្តើមជាមួយចក្រភពអង់គ្លេស ស្វីស និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសលោកស្រី Ann Linde បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មូលនិធិនេះនឹងរួមចំណែកក្នុងការពង្រឹងការតស៊ូរបស់អ៊ុយក្រែន។ វានឹងអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងបត់បែនសម្រាប់តម្រូវការដែលអភិវឌ្ឍ ដែលបានកើតឡើងជាលទ្ធផល នៃការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤»

ប្រាក់ជំនួយនេះទៀតសោត គឺបន្ថែមលើប្រាក់ចំនួន២៤០លានក្រូន(ប្រមាណ១១លានដុល្លារអាមេរិក) ដែលអ៊ុយក្រែនទទួលបានជារៀងរាល់ឆ្នាំពីប្រទេសស៊ុយអែត សម្រាប់កំណែទម្រង់សង្គមស៊ីវិល។

គួរបញ្ជាក់ថា ភាព តានតឹង រវាង រុស្ស៊ី និង អ៊ុយក្រែនបាន និងកំពុងកើនឡើង ក្រោយក្រុងមូស្គូបានប្រមូលផ្តុំទាហានជាង ១០ម៉ឺននាក់នៅតាមព្រំដែនអ៊ុយ ក្រែន។ បណ្តាប្រទេសលោកខាងលិចបារម្ភថារុស្ស៊ី អាចនឹងមានគម្រោងឈ្លានពាន៕