(តូក្យូ)៖ ទីក្រុងតូក្យូបានរាយការណ៍ករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន ២១,៥៧៦ករណីនៅថ្ងៃពុធនេះ ដែលជាលើកដំបូង ដែលទីក្រុងមួយនេះមានករណីឆ្លងថ្មីលើស ២០,០០០នាក់ក្នុងមួយថ្ងៃ និងបានបង្កើតកំណត់ត្រាថ្មី ជាមួយករណីថ្មីរហូតដល់ ៩៤,៩៣០ករណី នៅទូទាំងប្រទេស។ នេះបើយោងតាមការសរុបដោយ NHK News ដកស្រង់ចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

តាមទិន្នន័យរបស់រដ្ឋបាល នៃរដ្ឋធានីបានបង្ហាញថា ករណីឆ្លងប្រចាំថ្ងៃជាមធ្យម ក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយមានចំនួន១៦,៤៦៧ករណី ច្រើនជាង១.៥ដង បើធៀបនឹងសប្តាហ៍មុន។

ចំណែកចំនួនអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ក្រោមលក្ខណៈវិនិច្ឆ័យរបស់រដ្ឋាភិបាលទីក្រុងបានកើនឡើងពីម្នាក់ទៅ៣០នាក់សម្រាប់មួយថ្ងៃមុន ខណៈករណីស្លាប់ថ្មីនៅទីក្រុងតូក្យូមាន៦នាក់ទៀត។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះជប៉ុនមានករណីឆ្លងកូវីដ១៩សរុប២,៨១១,០៥០ករណី ក្នុងនោះស្លាប់១៨,៨៧១នាក់ និងជាសះស្បើយ២,១៤៤,៦៩០នាក់៕