(គីតូ)៖ ភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កទៅជាគ្រោះទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មានក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ នៅក្នុងរដ្ឋធានី គីតូ (Quito) នៃប្រទេសអេក្វាដ័រ ដោយបានបណ្តាលឲ្យប្រជាជនសរុប ២២នាក់បាត់់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីបានបង្កឲ្យមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ខាងលើនេះ គ្រោះទឹកជំនន់នេះ ក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈអស់ជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា អគារពាណិជ្ជកម្ម, លំនៅឋាន និងរថយន្តជាដើម។ កងកម្លាំងសង្គ្រោះ និងប្រជាពលរដ្ឋ បានរួមគ្នាបោសសម្អាតភូមិឋានរបស់ពួកគេ ក្រោយទឹកជំនន់ស្ងប់ស្ងាត់ទៅវិញ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន)។

គួរបញ្ជាក់តាមរបាយការណ៍ របស់អាជ្ញាធរអេក្វាដ័រថា ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីដើមសប្តាហ៍នេះ គឺមានកម្រិតខ្ពស់លើសពីការរំពឹងទុក របស់ក្រុមអ្នកព្យាករណ៍អាកាសធាតុ រហូតដល់ទៅ ៤០ដងឯណោះ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៣៕