(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធនេះថា នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅការពារ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បន្ទាប់ពីការវាយប្រហារដោយគ្រាប់មីស៊ីល បានកើតមានឡើងជាបន្តបន្ទាប់ ចេញពីប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ខាងលើដែលត្រូវបានចេញផ្សាយ ក្រោយជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Aystin) និងរាជទាយាទអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាំម៉ាត់ ប៊ីន ហ្សាយីដ អាល់ ណះយ៉ាន (Sheikh Mohammed bin Zayed Al Nahyan) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ពង្រាយនេះ គឺស្ថិតក្នុងគោលដៅជួយគាំទ្រប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទប់ទល់នឹងការគំរាមកំហែងនាពេលថ្មីៗនេះ»។

គួរបញ្ជាក់ថា ការវាយប្រហារទៅលើទឹកដីអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បានកើតមានឡើងជាបន្តបន្ទាប់ ពីសំណាក់ក្រុមឧទ្ទាម ហ៊ូធី (Houthi) នៅក្នុងទឹកដីប្រទេសយ៉េមែន។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មីស៊ីលបាលីស្ទីកមួយគ្រាប់ ត្រូវបានប្រព័ន្ធការពារដែនអាកាស អេមីរ៉ាត់អារ៉ាប់រួម បាញ់កម្ទេចចោល ក្រោយពីវាបានហោះចេញពីទឹកដីប្រទេសយ៉េមែន ហើយនេះក៏ជាលើកទី ៣ ផងដែរ សម្រាប់ការវាយប្រហារបៀបនេះ នៅក្នុងខែមករា ឆ្នាំ២០២២៕