(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា ការព្រួយបារម្ភនានាជាមូលដ្ឋានពីសំណាក់ទីក្រុងម៉ូស្គូ ជុំវិញបញ្ហាអ៊ុយក្រែននោះ ត្រូវបានសហរដ្ឋអាមេរិក និងអង្គការ NATO ច្រានចោល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័រប៊ែន (Viktor Orban), លោក ពូទីន បានលើកឡើងថា រុស្ស៊ីមិនទាន់បានឃើញការឆ្លើយតបណាមួយ ពីសំណាក់សហរដ្ឋអាមេរិកនៅឡើយទេ ពាក់នឹងការទាមទារជាគន្លឹះចំនួន ៣ ចំណុចរបស់រុស្ស៊ីដូចជា ការពង្រីកខ្លួនរបស់ NATO, ការបោះបង់ចោលការដាក់ពង្រាយអាវុធ ដែលងាយបង្កគ្រោះថ្នាក់ នៅជិតព្រំដែនរុស្ស៊ី និងការចុះហត្ថលេខាកាលពីឆ្នាំ១៩៩៧ រវាងរុស្ស៊ី និងអង្គការ NATO ពាក់ព័ន្ធនឹងហេដ្ឋរចនាសម្ព័ន្ធយោធា NATO នៅក្នុងប្លុកអឺរ៉ុប។

បុរសខ្លាំងរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា «ប្រទេសអ៊ុយក្រែនខ្លួនឯង គឺគ្រាន់តែជាឧបករណ៍មួយ ដើម្បីសម្រេចគោលបំណងមួយ (នៃការដាក់រុស្ស៊ីជាគោលដៅ) ប៉ុណ្ណោះ។ វាអាចត្រូវបានសម្រេច តាមរយៈមធ្យោបាយផ្សេងៗពីគ្នា ក្នុងនោះក៏រួមមានទាំងការអូសរុស្ស៊ី ឲ្យចូលរួមក្នុងជម្លោះប្រដាប់អាវុធផងដែរ»

ជាចុងក្រោយលោក ពូទីន បានចោទជាសំនួរទៅគ្រប់គ្នាវិញថា «ចូរអ្នកស្រមៃមើលទៅ ប្រសិនបើអ៊ុយក្រែនជាសមាជិកមួយរបស់ NATO ហើយចាប់ផ្តើមបើកប្រតិបត្តិការយោធា ទៅលើតំបន់គ្រីមា (Crimea) ដែលជាទឹកដីរបស់រុស្ស៊ីនោះ... តើយើងនឹងត្រូវប្រយុទ្ធគ្នាជាមួយសម្ព័ន្ធមិត្ត NATO? តើមាននរណាម្នាក់ធ្លាប់គិតពីបញ្ហានេះទេ? ខ្ញុំគិតថាគ្មានទេ»