(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ២៦៤,៦៩៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៧៨០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៦,៥១៦,២០២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩១៣,៩២៤នាក់ និងជាសះស្បើយឡើងសរុបជាង ៤៦.៦៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់ពាក្យស្នើសុំ ទៅកាន់អាជ្ញាធរសហរដ្ឋអាមេរិកហើយ ដើម្បីអនុម័តឲ្យប្រើនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់ក្មេងៗអាយុក្រោម ៥ឆ្នាំ បើទោះបីជាការពិសោធន៍កន្លងមកនេះបានបង្ហាញថា វាបានជំរុញប្រព័ន្ធភាពសុំា តិចជាងការរំពឹងទុក សម្រាប់ក្មេងអាយុចាប់ពី ២ឆ្នាំ ដល់ ៤ឆ្នាំក្តី។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៩លានដូស ក្នុងនោះប្រជាជន ២៥០.០៣លាននាក់ (៧៥.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១១.០៤លាននាក់ (៦៤.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៧.៨៦លាននាក់ (២៦.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕