(ប៉េកាំង)៖ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើសន្និសីទសារព័ត៌មានដើម្បីធ្វើបទបង្ហាញពី កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ ដោយបានថ្លែងថា កម្មវិធីរាត្រីសមោសរលើកនេះមានការច្នៃប្រឌិតថ្មីជាច្រើន។

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងប្រើបច្ចេកវិទ្យាទំនើបជាច្រើនដូចជា «5G+4K/8K+AI» ជាដើម ដើម្បីធ្វើឱ្យកម្មវិធីរាត្រីសមោសរនេះ ក្លាយជាវេទិកាបង្ហាញពីការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ក្រៅពីនេះ នៅឆាកសម្តែងបានដំឡើងម៉ាស៊ីនកាមេរ៉ាថតជាទម្រង់ 4K ចំនួន១៣០គ្រឿង ដើម្បីធ្វើឱ្យទូរទស្សនិកជនមានអារម្មណ៍ហាក់ដូចស្ថិតនៅកន្លែងសម្តែងផ្ទាល់។

សូមបញ្ជាក់ថា រាត្រីសមោសរលើកនេះមានកម្មវិធីដ៏សម្បូរបែប ដូចជាអាយ៉ៃកំប្លែង ចម្រៀង របាំ សៀករហស្សកម្មនិងសៀក ថែមទាំងមានកម្មវិធីច្នៃប្រឌិតថ្មីដោយប្រើបច្ចេកវិទ្យាខ្ពស់ ក្នុងន័យបង្កបង្កើតបរិយាកាសជួបជុំគ្រួសារប្រកបដោយក្តីសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំពោះពិភពលោក៕