(ប៉េកាំង)៖ កាលពីថ្ងៃទី ២៦ ខែមករា វេទិកានវានុវត្តន៍ នៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយ បានបើកធ្វើនៅទីក្រុងប៉េកាំង ដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរួមសហការរៀបចំដោយ គណៈកម្មាធិការអូឡាំពិកប្រទេសចិន និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង ក្រោមប្រធានបទ «ចែករំលែកកីឡាអូឡាំពិករដូវរងាបែបបច្ចេកវិទ្យា» អ្នកទទួលខុសត្រូវនៃស្ថាប័នប្រព័ន្ធសារព័ត៌មាន និងអង្គការអន្តរជាតិចំនួន ១៤៥ មកពី ៧៨ ប្រទេសនិងតំបន់នៅលើពិភពលោក បានអញ្ជើញចូលរួមវេទិកា និងសកម្មភាពពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។

លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្តែងការអបអរសាទរ តាមរយៈប្រព័ន្ធវីដេអូជូនចំពោះការបើកធ្វើដោយជោគជ័យនៃវេទិកានេះ ព្រមនិងជូនពរឱ្យវេទិកានេះទទួលបានសមិទ្ធផលច្រើន។

លោក Shen Haixiong អគ្គនាយកនិងជានិពន្ធនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសង្កត់ធ្ងន់ក្នុងវេទិកាថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានផ្តោតសំខាន់លើការផ្សព្វផ្សាយអំពីកីឡាអូឡាំពិក និងបង្ហាញពីភាពទាក់ទាញនៃកីឡាអូឡាំពិក តាមរបៀបច្នៃប្រឌិតថ្មី។ CMG មានឆន្ទៈខិតខំប្រឹងប្រែងជាមួយដៃគូប្រព័ន្ធសារព័ត៌មាន នៅលើពិភពលោក និងរួមសហការយ៉ាងពេញទំហឹង ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សំដៅបង្ហាញពីភាពអស្ចារ្យ និងវិសាមញ្ញនៃកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

លោក Gou Zhongwen ប្រធានគណៈកម្មាធិការអូឡាំពិកចិន និងជាប្រធានរដ្ឋបាលជាតិកីឡាចិន បានបង្ហាញពីការជឿជាក់ថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងអាចបង្ហាញពីទិដ្ឋភាពនៃការតស៊ូយ៉ាងស្វិតស្វាញ របស់អត្តពលិកកីឡាព្រិលទឹកកករបស់ប្រទេសចិន និងបរទេសក្នុងអំឡុងពេលបើកធ្វើ ព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាទស្សនៈរៀបចំការប្រកួត កីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកចំហ និងស្អាតស្អំ។

ក្នុងនាមជាសមិទ្ធផលដ៏សំខាន់មួយនៃវេទិកានេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាសមាគមផ្សព្វផ្សាយអាស៊ី និងសមាគមផ្សព្វផ្សាយអារ៉ាប់រួមជាដើម រួមគ្នាចេញផ្សាយ «គំនិតផ្តួចផ្តើមរួមនៃវេទិកានវានុវត្តន៍នៃ ប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយ» ដែលផ្តួចផ្តើមឱ្យស្ថាប័នប្រព័ន្ធសារព័ត៌មាន នៃបណ្តាប្រទេសចាត់ទុក ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាឱកាសមួយដើម្បីបន្តវេន និងផ្សព្វផ្សាយស្មារតីច្នៃប្រឌិតថ្មី អនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រមូលផ្តុំនូវគំនិតឯកភាពរួមយ៉ាងទូលំទូលាយ និងជំរុញសង្គមមនុស្សជាតិឱ្យពួតដៃគ្នាឆ្ពោះទៅមុខ៕