(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៥៣៣,៣១៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣,១៤៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៤,១៧៦,៤០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៩៨,៦៨០នាក់ និងជាសះស្បើយឡើងសរុបជាង ៤៥.៤២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិកបានសន្និដ្ឋានថា ករណីឆ្លង COVID-19 រលកថ្មីបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នោះ ទំនងជាបានឆ្លងផុតចំណុចកំពូល (peak) រួចទៅហើយ នៅតាមតំបន់មួយចំនួន ប៉ុន្តែអត្រាស្លាប់ប្រចាំថ្ងៃបាននិងកំពុងកើនឡើង។ បច្ចុប្បន្ននេះ ករណីឆ្លងវីរុស Omicron បានរ៉ាប់រងរហូតដល់ទៅ ៩៩% នៃចំនួនករណីឆ្លង COVID-19 សរុប នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៦លានដូស ក្នុងនោះប្រជាជន ២៥១.២៩លាននាក់ (៧៦.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៩.៩១លាននាក់ (៦៣.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៤.៦៦លាននាក់ (២៥.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕