(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលីស្ទិកជាបន្តបន្ទាប់ ក្នុងខែមករានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

វាគឺជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយ ក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំងដដែល។ បើតាមយោធាកូរ៉េខាងត្បូង មីស៉ីល២គ្រាប់នោះ គឺជាប្រភេទមីស៉ីលគ្រូស (cruise missile)។

គួរបញ្ជាក់ថា នាពេលកន្លងមកក្នុងខែមករានេះ កូរ៉េខាងជើងធ្លាប់បានបាញ់តេស្តមីស៉ីលចំនួន៤លើករួចហើយ ដែលរួមមានការបាញ់មីស៉ីលបាលីស្ទិក (ballistic missile) និងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ហើយការធ្វើតេស្តថ្មីចុងក្រោយគេ គឺកាលពីថ្ងៃទី១៧ ខែមករា។ សកម្មភាពធ្វើតេស្តមីស៉ីលយ៉ាងសស្រាក់សស្រាំបែបនេះរបស់កូរ៉េខាងជើង បានញ៉ាំងឱ្យមានការបង្ហាញក្តីបារម្ភពីសំណាក់ ប្រមុខអង្គការសហប្រជាជាតិ ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងផងដែរ៕