(ញូយ៉ក)៖ ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិកបានសន្និដ្ឋានថា ករណីឆ្លង COVID-19 រលកថ្មីបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នោះ ទំនងជាបានឆ្លងផុតចំណុចកំពូល (peak) រួចទៅហើយ នៅតាមតំបន់មួយចំនួន ប៉ុន្តែអត្រាស្លាប់ប្រចាំថ្ងៃបាននិងកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ អត្រាស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១១ខែ ឬស្មើនឹងការកើនឡើង ១១% បើធៀបនឹងមួយសប្តាហ៍មុនទៀត។ បន្ថែមពីនេះ អត្រាស្លាប់ប្រចាំថ្ងៃបង្កឡើងដោយវីរុស Omicron ក៏បានកើនលើសពី Delta ផងដែរ ដោយមនុស្ស ២,២០០នាក់ បានស្លាប់ក្នុងមួយថ្ងៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បើធៀបនឹងចំនួនអ្នកស្លាប់ខ្ពស់បំផុត ២,០៧៨នាក់ បង្កឡើងដោយវីរុស Delta កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២១ ដែលជំងឺ COVID-19 បានរាតត្បាតខ្លាំងបំផុតនោះ សហរដ្ឋអាមេរិកបានមើលឃើញ ចំនួនមនុស្សស្លាប់រហូតដល់ទៅ ៣,៣០០នាក់ក្នុងមួយថ្ងៃឯណោះ។ ក្រុមអ្នកជំនាញអាមេរិកបានអះអាងថា ទោះបីជាវីរុស Omicron មិនមានសភាពធ្ងន់ធ្ងរដូច Delta ប៉ុន្តែវាអាចឆ្លងរាតត្បាតរហ័សជាង ជាពិសេសទៅលើអ្នកដែលមិនទាន់ទទួលបានការចាក់ វ៉ាក់សាំងទូទៅ និងវ៉ាក់សាំងដូសជំរុញ៕