(វែលីងតោន)៖ ចាប់ពីយប់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យនេះតទៅ នូវែលសេឡង់នឹងចាប់ផ្តើមអនុវត្តគោលការណ៍ពាក់ម៉ាសតឹងរ៉ឹងជាងមុន ព្រមទាំងដាក់កំហិតលើការជួបជុំ ក្រោយការរកឃើញចង្កោមករណីឆ្លងចំនួន៩ករណី នៃវីរុស COVID-19 បំប្លែងថ្មី Omicron ដែលបានបង្ហាញពីការឆ្លងចូលដល់ក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ការប្រកាសខាងលើបានកើតមានឡើង បន្ទាប់ពីគ្រួសារមួយបានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងអូកលែន (Auckland) ដែលស្ថិតនៅកោះភាគខាងជើង ឆ្ពោះទៅកាន់កោះភាគខាងត្បូងនៃប្រទេសនូវែលសេឡង់ ដើម្បីចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយ ដែលមានមនុស្សចូលរួមសរុបប្រមាណជា១០០នាក់។ ក្រោយមក គ្រួសារនោះហើយនិងអ្នកបម្រើការលើយន្តហោះម្នាក់ ក៏បានធ្វើតេស្តវិជ្ជមានចំពោះវីរុស Omicron។

គួរបញ្ជាក់ថា នៅក្រោមការរឹតត្បិតសាជាថ្មី នូវែលសេឡង់នឹងត្រូវស្ថិតក្នុងស្ថានភាពពណ៌ក្រហម នៃក្រមខណ្ឌវិធានការការពារ COVID-19 របស់ខ្លួន ដោយមានការតម្រូវឱ្យពាក់ម៉ាសជាកំហិត នៅតាមមធ្យោបាយធ្វើដំណើរសាធារណៈនិងហាង ហើយចំនួនមនុស្សដែលអាចចូលរួមនៅព្រឹត្តិការណ៍ផ្សេងៗ ត្រូវកំណត់ត្រឹម១០០នាក់ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ និងត្រឹម២៥នាក់ សម្រាប់អ្នកមិនចាក់វ៉ាក់សាំង។ គោលការណ៍នេះ នឹងត្រូវអនុវត្តរហូតដល់យ៉ាងហោចចុងខែកុម្ភៈខាងមុខ៕