(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។


ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានសម្រេចចិត្តផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ ដែលហោះចេញពីទឹកដីអាមេរិកវិញ សរុប ៤៤ជើង ជាការឆ្លើយតបចំពោះ សេចក្តីសម្រេចរបស់រដ្ឋាភិបាលចិន ដែលបានផ្អាកជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដោយសារក្តីកង្វល់អំពីជំងឺ COVID-19។

២៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានឯកភាពគ្នាលើការពង្រឹង កិច្ចសហប្រតិបត្តិការស្ដីពីសេដ្ឋកិច្ច និងសន្តិសុខ ក្នុងនោះរួមមានទាំងការកើនឡើងឥទ្ធិពលចិន, កម្មវិធីកូរ៉េខាងជើង ព្រមទាំងវិបត្តិ រុស្ស៊ី និងអ៊ុយក្រែន។

៣៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានព្រមានទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក្នុងជំនួបនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ទីក្រុងម៉ូស្គូនឹងត្រូវប្រឈមមុខ ការឆ្លើយតបវិញភ្លាមៗ ធ្ងន់ធ្ងរ និងជាលក្ខណៈរួបរួម ប្រសិនបើរុស្ស៊ីសម្រេចចិត្ត វាយប្រហារអ៊ុយក្រែននោះ។

៤៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦នាក់ហើយ និង ២៨នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យ ឆាបឆេះអគារកម្ពស់ ២០ជាន់មួយ យ៉ាងសន្ធោសន្ធៅ នៅឯទីក្រុង មុំបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌា នៅវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុង Mumbai)។

៥៖ សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំរបស់អង្គការសុខភាពពិភពលោក (WHO) បានជំទាស់នឹងផែនការដែលចង់ឱ្យទីភ្នាក់ងារ អង្គការសហប្រជាជាតិមួយនេះ កាន់តែមានឯករាជ្យភាព ដែលនេះកំពុងបង្កឱ្យមានការសង្ស័យចំពោះការគាំទ្ររបស់រដ្ឋបាលលោក ចូ បៃដិន ចំពោះ WHO។

៦៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ នៅក្នុងរដ្ឋតិចសាស់ (Texas) បានចេញសេចក្ដីសម្រេចថាប្រធានាធិបតី លោក ចូ បៃដិន មិនអាចដាក់កាតព្វកិច្ចបង្ខំឱ្យបុគ្គលិកសហព័ន្ធចាក់វ៉ាក់សាំងបង្ការ COVID-19 បាននោះទេ ហើយក៏បានរារាំងរដ្ឋាភិបាលក្នុងការ ដាក់ពិន័យលើបុគ្គលិក ដែលមិនបានគោរពតាមបញ្ជាផងដែរ៕