(មុំបៃ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦នាក់ហើយ និង ២៨នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យ ឆាបឆេះអគារកម្ពស់ ២០ជាន់មួយ យ៉ាងសន្ធោសន្ធៅ នៅឯទីក្រុង មុំបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌា នៅវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុង Mumbai)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ និងរថយន្ដពន្លត់អគ្គិភ័យប្រមាណ ១៣គ្រឿង បានចូលរួមនៅក្នុងប្រតិបត្តិពន្លត់អគ្គិភ័យខាងលើ និងបានជួយសង្រ្គោះ មនុស្សរាប់រយនាក់ចេញពីអគារកម្ពស់ ២០ជាន់ ស្ថិតនៅចំកណ្ដាលទីក្រុងមុំបៃ ដែលជាទីក្រុងមានមនុស្សរស់នៅកកកុញបំផុត ប្រចាំនៅប្រទេសឥណ្ឌា ជាមួយនឹងចំនួនប្រជាជនសរុបជាង ១២លាននាក់។

បើតាមអាជ្ញាធរទីក្រុង Mumbai អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថា បានឆាបឆេះចេញពីជាន់ទី ១៨ នៃអគារ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ថា តើអគ្គិភ័យនេះបង្កឡើងដោយមូលហេតុអ្វី ឱ្យប្រាកដនៅឡើយទេ៕