(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) បាននិយាយថាប្រទេសរបស់លោកស្រីនឹងបញ្ជូន «បរិក្ខាមន្ទីរពេទ្យនៅសមរភូមិ» ទៅកាន់ប្រទេសអ៊ុយក្រែន ចំពោះមុខការបារម្ភពីលទ្ធភាពផ្ទុះសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោកស្រី Christine Lambrecht ធ្វើឡើងប្រាប់សារព័ត៌មានអល្លឺម៉ង់ វែល អាំ សុនថាក (Welt am Sonntag) នៅថ្ងៃសៅរ៍នេះ ហើយនេះបានបង្ហាញពីជំហរចា្រនចោលសំណើរបស់ទីក្រុងអ៊ុយក្រែន ដែលស្នើឱ្យអាល្លឺម៉ង់បញ្ជូនសព្វាវុធ។

លោកស្រី Lambrecht បានបញ្ជាក់ដូច្នេះថា «យើងឈរនៅខាងទីក្រុងកៀវ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបន្ធូរបន្ថយភាពតានតឹង...ប៉ុន្តែ ការបញ្ជូនសព្វាវុធមិនមែនជាមធ្យោបាយក្នុងពេលនេះទេ ហើយនេះជំហរកុងសង់ស៊ីសនៃរដ្ឋាភិបាលអាល្លឺម៉ង់»

គួរបញ្ជាក់ថា រុស្ស៊ីបានរងការចោទប្រកាន់ពីបណ្ដាប្រទេសលោកខាងលិច ចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពជិត «១សែននាក់» នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជាការត្រៀមលក្ខណៈលើកទ័ពចូល អ៊ុយក្រែន នៅក្នុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ខាងរុស្ស៊ីក៏បានចេញមុខបដិសេធជាច្រើនផងដែរថាខ្លួនគ្មានផែនការវាយប្រហារលើ ប្រទេសណាមួយ តែបានព្រមានទុកជាមុនក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយពីអ៊ុយក្រែន និង NATO៕