(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីសេដ្ឋកិច្ច និងសន្តិសុខ ក្នុងនោះរួមមានទាំងការកើនឡើងឥទ្ធិពលចិន, កម្មវិធីកូរ៉េខាងជើង ព្រមទាំងវិបត្តិ រុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ការឯកភាពគ្នារវាងលោក បៃដិន និងលោក គីស៊ីដា ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលជាជំនួបលើកដំបូង ចាប់តាំងពីលោក គីស៊ីដា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលាឆ្នាំ២០២១មក និងធ្វើឡើងបន្ទាប់ពី ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំង២ នៅក្នុងខែមករានេះ។

នៅក្នុងជំនួបមានរយៈពេលជាង ១ម៉ោងកន្លះ លោក គីស៊ីដា បាននិយាយថាលោក និងលោក បៃដិនបានព្រមព្រៀងគ្នាថានឹងធ្វើ
កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបាននូវសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាចិន, កូរ៉េខាងជើង ព្រមទាំងសហការគ្នាដោះស្រាយបញ្ហាវិបត្តិរុស្ស៊ី និងអ៊ុយក្រែនជាដើម។

គួរបញ្ជាក់ថា បើតាមលោក គីស៊ីដា ជប៉ុននឹងទទួលរៀបចំកិច្ចប្រជុំសន្តិសុខចតុភាគី ឬហៅកាត់ថាក្វាដ (Quad) នៅអំឡុងឆមាសទី១ នៃឆ្នាំ២០២២នេះ ជាមួយការបំពេញទស្សនកិច្ចរបស់លោក បៃដិន មកកាន់ទីក្រុងតូក្យូ។ Quad មានសមាជិកដូចជាសហរដ្ឋអាមេរិក, ជប៉ុន អូស្ត្រាលី និងឥណ្ឌា៕