(កាប៊ុល)៖ សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងមានវត្តមានឡើងវិញក្នុងប្រទេសអាហ្វហ្គានីស្ថានសម្រាប់គោលបំណងមនុស្សធម៌ ប៉ុន្តែបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបមិនបានទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលដឹកនាំដោយតាលីបង់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

វាជាការប្រកាសលើកដំបូង ដោយមហាអំណាចលោកខាងលិច ចាប់តាំងពីទីក្រុងកាប៊ុលបានធ្លាក់លើក្នុងដៃក្រុមតាលីបង់ កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ ខណៈដែលសហភាពអឺរ៉ុបដែលមាន២៧ប្រទេស និងរដ្ឋាភិបាលជាច្រើនទៀត បានដកបុគ្គលិក និងអ្នកការទូតរបស់ខ្លួន ចេញពីអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យក្រសួងការបរទេសអឺរ៉ុបលោក Peter Stano បាននិយាយថា «សហភាពអឺរ៉ុបបានចាប់ផ្តើមបង្កើតវត្តមាន នៃបុគ្គលិកប្រតិភូសហភាពអឺរ៉ុបតិចតួចឡើងវិញ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ និងតាមដានស្ថានភាពមនុស្សធម៌»

អ្នកនាំពាក្យក្រសួងការបរទេសតាលីបង់បានបញ្ជាក់នៅក្នុងសារ Twiter មុននេះថា មន្ត្រីរបស់ខ្លួនបានឈានដល់ការយោគយល់ជាមួយសហភាពអឺរ៉ុប សម្រាប់ការបើកស្ថានទូតជាផ្លូវការឡើងវិញនៅទីក្រុងកាប៊ុល ហើយពិតជាបានចាប់ផ្តើមប្រតិបត្តិការមែន»៕