(តូក្យូ)៖ មេដឹកនាំអាមេរិក និងជប៉ុន នឹងពិភាក្សាគ្នាពីការកើនឡើងឥទ្ធិពលចិន, កម្មវិធីមីស៊ីលកូរ៉េខាងជើង រួមទាំងវិបត្តិរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងជំនួប ដ៏សំខាន់ជាលើកដំបូង ចាប់តាំងពីលោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) ជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលា ឆ្នាំ២០២១មក។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក Kishida គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅ ទីក្រុងវ៉ាស៊ីនតោន) ឬត្រូវនឹងព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងតូក្យូ)។ ជំនួបនេះធ្វើឡើងបន្ទាប់ពីជំនួប ២ បូក ២ នៅក្នុងខែមករានេះដែររវាង រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ ដែលបានសន្យាថានឹងធ្វើការងាររួមគ្នាដើម្បីប្រឆាំងនឹងរាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា លោក Fumio Kishida នៅក្នុងសប្ដាហ៍នេះ បាននិយាយថាប្រទេសជប៉ុន នឹងពង្រឹងសមត្ថភាពការពារជាតិនៅក្បែរកោះតៃវ៉ាន់ ក្រោយ លោកផ្ទាល់កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅនេះបានសន្យាពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រសន្តិសុខ ក្នុងរួមទាំងការពិចារណាលើរាល់ជម្រើសទាំងអស់ ដើម្បីទប់ទល់នឹងការគំរាមកំហែង៕