(ម៉ូស្គូ)៖ កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ី ទើបតែទទួលបាននាវាមុជទឹកចំនួន ៣គ្រឿងទៀត យកទៅបង្កើនសមត្ថភាពរបស់ខ្លួន ដោយ ២គ្រឿងក្នុងចំណោមនោះ ដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ចេញពី សារព័ត៌មាន TASS នារសៀលថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

ជុំវិញសមិទ្ធផលខាងលើ, អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក អាឡិចសី គ្រីវ៉ូរ៉ាចកូ (Alexey Krivoruchko) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្ញើរបាយការណ៍ទៅកាន់ រដ្ឋមន្ត្រីការពារជាតិលោក សឺហ្គៃ សយហ្គូ (Sergey Shoigu) ថា «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ២គ្រឿង រួមជាមួយនិងនាវាមុជទឹកខ្នាតធំ ដើរដោយថាមពលឥន្ធនៈមួយគ្រឿងទៀត ត្រូវបានប្រគល់ជូនកងទ័ពជើងទឹករួចហើយ»

បន្ថែមពីខាងលើនេះ កងទ័ពជើងទឹករុស្ស៊ីក៏បានទទួល នាវាចម្បាំងថ្មីចំនួន ២គ្រឿង, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលថ្មីចំនួន ១គ្រឿង, យន្តហោះជំនួយថ្មីចំនួន ៤គ្រឿង និងយន្តហោះដែលត្រូវបានជួសជុលរួចចំនួន ៤គ្រឿងទៀតផងដែរ។

គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍ ចេញពីក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងទៀតថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងឥន្ធនៈខាងលើនេះ មានសមត្ថភាពខ្ពស់ ក្នុងការចេញប្រតិបត្តិការវាយប្រហារ ដោយមីស៊ីលក្រោមទឹក ទៅលើទីតាំងរបស់សត្រូវ ហើយវាក៏អាចបាញ់ចេញនូវ គ្រាប់មីស៊ីលហោះលឿនជាងល្បឿនសំឡេង «ត្សឺខុន» (Tsirkon) ដ៏ទំនើបចុងក្រោយបំផុតរបស់រុស្ស៊ីផងដែរ៕