(វីយែន)៖ សភាជាន់ទាបរបស់ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងតម្រូវឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្លាយជាកាតព្វកិច្ចសម្រាប់ប្រជាជនអូទ្រីសដែលពេញវ័យ គិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

នៅចំពោះមុខតួលេខច្រើនគួរសម នៃអ្នកមិនចង់ចាក់វ៉ាក់សាំង បូករួមការលោតឡើងនៃករណីឆ្លង រដ្ឋាភិបាលអូទ្រីសបានបង្ហើបឱ្យដឹងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ថា ខ្លួនកំពុងរៀបចំដាក់ចេញនូវកាតព្វកិច្ចវ៉ាក់សាំង។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលអូទ្រីសបានសម្រេចបង្កើនអាយុអ្នក ដែលនឹងត្រូវជាប់កាតព្វកិច្ចវ៉ាក់សាំងពី១៤ឆ្នាំ ទៅ១៨ឆ្នាំវិញ។ នៅជំហានបន្ទាប់ សេចក្តីព្រាងច្បាប់ខាងលើ នឹងត្រូវឆ្លងកាត់សភាជាន់ខ្ពស់ រួចហើយត្រូវចុះហត្ថលេខាដោយប្រធានាធិបតី លោក អាឡិចសាន់ដឺ វ៉ាន់ ដឺ ប៊ែលែល (Alexander Van der Bellen)។

គួរបញ្ជាក់ថា មកទល់ពេលនេះប្រជាជនអូទ្រីសប្រមាណជា ៧៥ភាគរយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសប្រឆាំងនឹង COVID-19 ដែលវាគឺជាអត្រាដ៏ទាបបំផុតមួយ បើគិតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងលិច។ ក្រោយការបញ្ចប់វិធានការបិទខ្ទប់ប្រទេសលើកទី៤ បានបញ្ចប់ទៅកាលពីខែធ្នូ ឆ្នាំ២០២១ វីរុសបំប្លែងថ្មី Omicron បានរុញច្រានការឆ្លង COVID-19 នៅអូទ្រីសឱ្យឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ប៉ុន្តែរដ្ឋាភិបាលអូទ្រីស ចង់ចៀសវាងការបិទខ្ទប់ជាថ្មីម្តងទៀត៕