(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានបញ្ជូនសារច្បាស់លាស់មួយ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) រួចរាល់ហើយថា ការបោះជំហានណាមួយរបស់រុស្ស៊ី ចូលទៅកាន់ទឹកដីអ៊ុយក្រែន នឹងត្រូវចាត់ទុកជាការ «ការឈ្លានពាន»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

លោក ចូ បៃដិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមានទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «ខ្ញុំបានគូសបញ្ជាក់រឿងនេះយ៉ាងច្បាស់លាស់ហើយ ជាមួយនឹងលោកប្រធានាធិបតី ពូទីន... លោក (ពូទីន) មិនយល់ច្រលំចំពោះបញ្ហានេះឡើយ។ ប្រសិនបើកងកម្លាំង (យោធា) ណាមួយរបស់រុស្ស៊ី ឆ្លងកាត់ព្រំដែនអ៊ុយក្រែននោះ វាគឺជាការឈ្លានពានមួយ»។ ការលើកឡើងដោយលោក ចូ បៃដិន នេះ បានកើតមានឡើងបន្ទាប់ពីពេលមុននេះ លោកបានស្នើឲ្យសម្ព័ន្ធមិត្តនានារបស់អាមេរិក ត្រូវចេះបែងចែកអំពីរបៀបបញ្ចេញប្រតិកម្ម ទៅលើការញុះញង់បន្តិចបន្តួច។

លោក បៃដិន បានថ្លែងបន្ថែមទៀតថា លោកក៏បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់លោក ពូទីន អំពីចំណាត់ការតបត និងទណ្ឌកម្មសេដ្ឋកិច្ច ដែលទីក្រុងម៉ូស្គូនឹងត្រូវប្រឈមមុខផងដែរ ហើយបើរុស្ស៊ីជ្រើសរើសយក ការឈ្លានពានអ៊ុយក្រែនមែននោះ វាពិតជាគ្មានមន្ទិលសង្ស័យឡើយថា «រុស្ស៊ីនឹងត្រូវបង់នូវតម្លៃយ៉ាងធំធេង»។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយសព្វាវុធ និងកងទ័ពរាប់ម៉ឺននាក់រួចជាស្រេច នៅលើកទឹកដីរបស់ខ្លួនក្បែរព្រំដែនអ៊ុយក្រែន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ មកម្ល៉េះ។ បណ្តាប្រទេសលោកខាងលិច បានចោទរុស្ស៊ីជាច្រើនលើកថា កំពុងត្រៀមឈ្លានឈានអ៊ុយក្រែន ហើយរុស្ស៊ីវិញក៏បានច្រានចោល ការចោទប្រកាន់ទាំងអស់នោះវិញផងដែរ។ យ៉ាងណាក៏ដោយ រុស្ស៊ីបានទាមទារឲ្យលោកខាងលិច ធានាឲ្យបានច្បាស់ថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការ NATO ជាដាច់ខាត៕