(ប៉េកាំង)៖ ថ្ងៃទី១៨ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិនត្រូវបន្តប្រកាន់ខ្ជាប់នូវឥរិយាបថ មិនអត់ឱនជាដាច់ខាត ដើម្បីផ្តន្ទាទោសអំពើពុករលួយ ប្រកាន់ខ្ជាប់នូវការកែតម្រូវរាល់អំពើពុករលួយ និងឥរិយាបថអសកម្មទាំងអស់ ដែលបង្ខូចផលប្រយោជន៍របស់ប្រជាជន ប្រកាន់ខ្ជាប់នូវការដឹកនាំបែប ថ្នាក់លើធ្វើជាគំរូរបស់ថ្នាក់ក្រោម ក៏ដូចជាប្រកាន់ខ្ជាប់នូវការធ្វើឱ្យប្រសើរឡើង នូវរបបត្រួតពិនិត្យរបស់បក្ស និងរដ្ឋផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃគណៈកម្មការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាស្ថាប័នត្រួតពិនិត្យវិន័យថ្នាក់កំពូល នៃបក្សកុម្មុយនិស្តចិន បានបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី ១៨ ខែមករា។ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងថា តាំងពីសមាជបក្សលើកទី ១៨ មក បក្សកុម្មុយនិស្តចិនបានទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រ និងជាលក្ខណៈត្រួសត្រាយក្នុងការធ្វើអភិបាលកិច្ចបក្ស យ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរ និងឈានទៅមុខឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្ត ដែលមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ។ មន្ត្រីជាថ្នាក់ដឹកនាំនិងកម្មាភិបាលត្រូវធ្វើការងារល្អៗ និងជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ ជូនដល់ប្រជាជនឱ្យបានច្រើន៕