(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបន្ថែមសារព្រមានជាថ្មីទៀត ចំពោះលទ្ធភាពដែលកងទ័ពរុស្ស៊ី អាចបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ចំពោះមុខបេសកកម្មការទូតធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

លោក Antony Blinken បានចេញដំណើរពីសហរដ្ឋអាមេរិកហើយ ដើម្បីទៅជួបសម្ព័ន្ធមិត្តអ៊ុយក្រែន និងអឺរ៉ុប មុននឹងត្រូវជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃសុក្រសប្តាហ៍នេះ។ ជំនួបទាំងនេះនឹងកើតមានឡើង ស្របពេលដែលកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ព្រមជាមួយនឹងសព្វាវុធធុនធ្ងន់ជាច្រើនទៀត ត្រូវបានគេអះអាងថា កំពុងស្ថិតនៅក្បែរព្រំដែនប្រទេសអ៊ុយក្រែនរួចជាស្រេច។

ក្រុមមន្ត្រីអាមេរិកនៅពេលនេះ បានបង្កើនកម្រិតប្រកាសអាសន្ន និងអះអាងថា វិបត្តិដែលបាននិងកំពុងរីកធំឡើងយ៉ាងសន្សឹមៗ ឥឡូវនេះបានឈានចូលដល់ កម្រិតគ្រោះថ្នាក់ថ្មីមួយទៀតហើយ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យជាន់ខ្ពស់នៃសេតវិមាន ទីក្រុងវ៉ាស៊ីនតោន លោកស្រី ចេន ផ្សាគី (Jen Psaki) បានលើកឡើងថា «ខ្ញុំជឿជាក់ថា ពេលនេះយើងកំពុងស្ថិតនៅចំណុចមួយ ដែលអាចមើលឃើញរុស្ស៊ី បើកការវាយប្រហារគ្រប់ពេលវេលា ទៅលើប្រទេសអ៊ុយក្រែន។ ពេលនេះ គឺច្បាស់លាស់ជាងពេលណាៗទាំងអស់...»

គួរបញ្ជាក់ថា ថ្វីត្បិតតែប្រទេសរុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា កងទ័ព និងសព្វាវុធរបស់ខ្លួន ដែលត្រូវបានបញ្ជូនមកតំបន់ក្បែរៗព្រំដែនអ៊ុយក្រែននោះ គ្រាន់តែដើម្បីធ្វើសមយុទ្ធ និងត្រៀមខ្លួនទប់ទល់ការឈ្លានពានពីបរទេស តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន នៅតែបន្តការចោទប្រកាន់ទៅលើរុស្ស៊ី អំពីចេតនាវាយប្រហារអ៊ុយក្រែន តាមរយៈយុទ្ធសាស្ត្រដែលកំពុងបង្ហាញចេញ ទៅកាន់លោកខាងលិចនេះ៕