(ធានជីន)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរទីក្រុងកំពង់ផែ ធានជីន (Tianjin) ភាគឦសានប្រទេសចិន បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងសហគមន៍តែចំនួន ១៨ករណីទៀតប៉ុណ្ណោះ ហើយនេះត្រូវបានចាត់ទុកជាសញ្ញាធូរស្រាលឡើងវិញ បន្ទាប់ពីការផ្ទុះករណីឆ្លងជាច្រើនករណី កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

បើតាមទិន្នន័យបានមកពី គណកម្មការសុខាភិបាលជាតិចិន (NHC) តួលេខឆ្លងប្រចាំថ្ងៃដែលត្រូវបានរាយការណ៍ ក្នុងទីក្រុង Tianjin ដែលមានប្រជាជនរស់នៅរហូតដល់ទៅ ១៤លាននាក់ខាងលើ គឺជាចំនួនទាបបំផុតក្នុងរយៈពេល ១សប្តាហ៍មកនេះ ហើយហានិភ័យនៃការរាតត្បាត COVID-19 ចេញពីទីក្រុង Tianjin ទៅកាន់តំបន់ផ្សេងទៀតនោះ ក៏ធ្លាក់ចុះទៅតាមនោះដែរ។

គួរបញ្ជាក់់ថា នៅក្នុងការផ្ទុះករណីឆ្លង COVID-19 ចុងក្រោយនេះ ទីក្រុង Tianjin បានរកឃើញករណីឆ្លងមានចេញរោគសញ្ញា សរុបជាង ៣០០ករណី ដែលជាប់ពាក់ព័ន្ធមេរោគបំប្លែងថ្មី Omicron ខណៈទីក្រុងចំនួន ២ទៀត ក៏បានឆ្លងវីរុសនេះបន្តពីទីក្រុង Tianjin ផងដែរ ក្នុងនោះមានដូចជា រដ្ឋធានីប៉េកាំង និងទីក្រុង អានយ៉ាង (Anyang) របស់ខេត្ត ហឺណាន (Henan) ជាដើម។

យ៉ាងណាក៏ដោយ អាជ្ញាធរចិនត្រូវបានគេមើលឃើញថា តែងតែបានចាត់វិធានការទប់ទល់ភ្លាមៗ នៅពេលមានសេចក្តីរាយការណ៍អំពីវីរុស COVID-19 ផ្ទុះឡើងម្តងៗ ដូចជាការចេញបញ្ជាឲ្យបិទខ្ទប់តំបន់ ដែលមានករណីឆ្លងផ្ទុះឡើង និងការធ្វើតេស្តទ្រង់ទ្រាយធំ នៅក្នុងន័យទប់ស្កាត់ភ្លាមៗ មិនឲ្យវីរុសរីករាតត្បាតទៅកាន់តំបន់ផ្សេងពីនេះ៕