(ឡុងដ៍)៖ ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទនេះ បានឱ្យដឹងថាខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវ អាវុធសម្រាប់ប្រឆាំងរថក្រោះ ដើម្បីជួយប្រទេសអឺរ៉ុបខាងកើតមួយនេះ ការពារខ្លួនពីការឈ្លានពានណាមួយដែលអាចកើតឡើង ខណៈបច្ចុប្បន្នការប្រឈមមុខដាក់គ្នានៅតែបន្តជាមួយរុស្ស៉ី ដែលបានប្រមូលផ្តុំកម្លាំងទ័ពរបស់ខ្លួន នៅក្បែរព្រំប្រទល់ជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក ប៊ែន វ៉ាល់លេស (Ben Wallace) បានប្រកាសពីដំណឹងនៃការផ្គត់ផ្គង់សព្វាវុធខាងលើ ជូនដល់សភាអង់គ្លេស ហើយនិយាយថា ពួកវាបានទៅដល់អ៊ុយក្រែនជាបណ្តើរៗហើយ ខណៈកងទ័ពអង់គ្លេសមួយចំនួនតូច នឹងទៅជួយផ្តល់ការហ្វឹកហ្វឺនសម្រាប់រយៈពេលខ្លី។

លោកប្រមុខការពារជាតិអង់គ្លេស មិនបានបង្ហើបឱ្យជាក់លាក់អំពីចំនួន ឬប្រភេទនៃអាវុធប្រឆាំងរថក្រោះនោះឡើយ ដោយគ្រាន់តែថា ពួកវាមិនមែនជាសព្វាវុធលក្ខណៈយុទ្ធសាស្រ្ត ឬដើម្បីបង្កការគំរាមកំហែងចំពោះរុស្ស៉ីទេ គឺពួកវាសម្រាប់ប្រើប្រាស់ការពារខ្លួន និងមានរយៈចម្ងាយខ្លី។

កន្លងមក អង់គ្លេសបានព្រមានរុស្ស៉ីពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានបើកការវាយប្រហារយោធាលើអ៊ុយក្រែន ហើយទន្ទឹមគ្នានោះ ទីក្រុងឡុងដ៍បានផ្តល់ហិរញ្ញវត្ថុ ដើម្បីជួយពង្រឹងសមត្ថភាពយោធាជើងទឹករបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា នៅចំពោះមុខក្តីបារម្ភរបស់ក្រុមប្រទេសលោកខាងលិច ទីក្រុងម៉ូស្គូបានច្រានចោលចំពោះផែនការ វាយប្រហារលើអ៊ុយក្រែន ប៉ុន្តែបានលើកឡើងថា ខ្លួនអាចធ្វើសកម្មភាពយោធាក្នុងកម្រិតមួយ លុះត្រាតែលោកខាងលិច យល់ព្រមចំពោះការទាមទារមួយចំនួនរបស់ខ្លួន រួមមានទាំងការហាមកុំឱ្យ អ៊ុយក្រែនចូលជាសមាជិកអង្គការ NATO ដាច់ខាត។ កិច្ចសន្ទនារវាងភាគីទាំងពីរកាលពីសប្តាហ៍មុន បានបញ្ចប់ទៅដោយគ្មានលទ្ធផល ខណៈអ៊ុយក្រែនបានស្នើឱ្យក្រុមលោកខាងលិច ជួយផ្តល់បរិក្ខាយោធានិងគ្រឿងសព្វាវុធ ដើម្បីការពារខ្លួន៕