(អូតាវ៉ា)៖ កាណាដាកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់របស់ក្រុមហ៊ុនអាមេរិក Pfizer សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងករណីស្រាលនិងមធ្យម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

អត្រានៃការឆ្លងនិងការព្យាបាលនៅតាមមន្ទីរពេទ្យ ដោយសារវីរុសបំប្លែងថ្មី Omicron បាននិងកំពុងតែកើនឡើង នៅក្នុងប្រទេសកាណាដា ដែលជាហេតុបង្ខំឱ្យបណ្តាខេត្ត របស់ប្រទេសអាមេរិកខាងជើងមួយនេះ ត្រូវដាក់ចេញនូវវិធានការរឹតត្បិតមួយចំនួន ហើយរដ្ឋាភិបាលវិញ ត្រូវផ្តល់ជំនួយដើម្បីគាំទ្រអាជីវកម្មដែលរងការប៉ះពាល់។

កាលពីចុងឆ្នាំមុន រដ្ឋាភិបាលទីក្រុងអូតាវ៉ា បាននិយាយថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer សម្រាប់ថ្នាំ COVID-19 ហៅថា ផាក់ឡូវីដ (Paxlovid) ចំនួន១លានឈុត។ ប៉ុន្តែឥឡូវកាណាដាបានឱ្យដឹងថា បច្ចុប្បន្នលទ្ធភាពនៃការផ្គត់ផ្គង់នៅលើពិភពលោក របស់ថ្នាំ Paxlovid ហាក់នៅមានកំណត់នៅឡើយ។ សហរដ្ឋអាមេរិកក៏បានអនុម័តឱ្យប្រើថ្នាំ COVID-19 នេះ សម្រាប់មនុស្សមានវ័យចាប់ពី១២ឆ្នាំឡើងទៅ កាលពីខែមុនផងដែរ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យនៃការធ្វើតេស្តរបស់ក្រុមហ៊ុន Pfizer ថ្នាំ Paxlovid មានសមត្ថភាពដល់ទៅជិត ៩០ភាគរយ ក្នុងការទប់ស្កាត់ កុំឱ្យធ្លាក់ខ្លួនឈឺខ្លាំងនិងស្លាប់ ក្នុងចំណោមអ្នកជំងឺ ដែលប្រឈមហានិភ័យខ្ពស់ក្នុងការវិវត្តស្ថានភាពជំងឺទៅជាធ្ងន់ធ្ងរ។ បន្ទាប់ពីអនុម័តថ្នាំរបស់ Pfizer កាណាដាកំពុងបន្តពិចារណាលើការអនុម័ត ថ្នាំព្យាបាល COVID-19 មួយទៀត ដែលជាផលិតផលរបស់ក្រុមហ៊ុន Merck៕