(ហឺរ៉ាត)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតបង្គួរ «៥.៣រ៉ិចទ័រ» បានវាយប្រហារខេត្តមួយ ស្ថិតនៅភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញ និងបានផ្តាច់ជីវិតមនុស្សរហូតដល់ទៅ ២៦នាក់ឯណោះ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យ នៃអាជ្ញាធរខេត្ត បាដហ្គីស (Badghis) ភាគខាងលិចអាហ្វហ្កានីស្ថាន តំបន់ដែលបានរងគ្រោះធ្ងន់ជាងគេនោះ គឺស្រុក ខាឌីស (Qadis) ហើយភាគច្រើននៃប្រជាជន ដែលបានបាត់បង់ជីវិតនោះ គឺដោយសារត្រូវដំបូលផ្ទះបាក់ធ្លាក់ ចំពីលើពួកគេតែម្តង។

អាជ្ញាធរបានឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សស្លាប់ទាំង ២៦នាក់ គឺមានស្ត្រី ៥នាក់ និងកុមារ ៤នាក់។ ដោយឡែកស្រុក មូក (Muqr) ដែលស្ថិតនៅក្បែរស្រុក Qadis ក៏បានរាយការណ៍អំពីការខូចខាត និងមនុស្សរងគ្រោះផងដែរ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់អំពីព័ត៌មានលម្អិតនោះឡើយ។

គួរបញ្ជាក់ថា ស្រុក Qadis ត្រូវបានគេស្គាល់ថា ជាតំបន់រងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ប្រចាំនៅប្រទេសអាហ្វហ្កានីស្ថាន ហើយនៅក្នុងរយៈពេល ២០ឆ្នាំមកនេះ ក៏បានទទួលជំនួយតិចតួចបំផុតពីអន្តរជាតិផងដែរ៕