(ប៉ារីស)៖ ប្រធានាធិបតី លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះនឹងបង្ហើបពីគម្រោងវិនិយោគថ្មីៗចំនួន២៤ នៅក្នុងប្រទេសបារាំង និង ការរីកចម្រើនសេដ្ឋកិច្ច ជាសក្ខីកម្មបញ្ជាក់ថាការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់លោកកំពុងទទួលបានផ្លែផ្កា ខណៈនៅសល់តែជាង ៣ខែ ទៀត ប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីដែលគេរំពឹងថាលោកនឹងចូលរួមឈរឈ្មោះម្ដងទៀត ឈានចូលមកដល់។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

បើតាមការិយាល័យរបស់លោក ម៉ាក្រុង កំលុងបំពេញទស្សនកិច្ចទៅកាន់តំបន់ អាល់ឡាស់ (Alsace) ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង ប្រធានាធិបតីរូបនេះ នឹងប្រកាសគម្រោងឧស្សាកម្មមួយដែលមានទំហំទឹកប្រាក់ ៣០០លានអឺរ៉ូ ឬស្មើនឹង ៣៤២លានដុល្លារអាមេរិករបស់ ក្រុមហ៊ុនអាល្លឺម៉ង់ BASF។ គម្រោងនេះស្ថិតនៅក្នុងចំណោមគម្រោងវិនិយោគទាំង២១ ដែលមានទំហំទឹកប្រាក់ ៤ពាន់លានអឺរ៉ូ និងបង្កើត ការងារ ១០,០០០កន្លែង ដែលជាផ្នែកមួយនៃការទាក់ទាញវិនិយោគបរទេស ខណៈក្រុមហ៊ុនអាមេរិក Pfizer ក៏បានប្រកាសផែនការបោះទុន វិនិយោគ ៥២០លានអឺរ៉ូ នៅក្នុងប្រទេសបារាំងផងដែរ។

គួរបញ្ជាក់ថា ខណៈការបោះឆ្នោតប្រធានាធិបតីបារាំង កាន់តែខិតជិតមកដល់ ក្រុមមន្ត្រីរបស់លោក ម៉ាក្រុង បានប្ដូរវិធីសាស្ត្រឃោសនារក សំឡេងឆ្នោត ដោយដកខ្លួនចេញឆ្ងាយពីបញ្ហាអន្តោប្រវេសន៍ ព្រមទាំងច្បាប់ និងសណ្ដាប់ធ្នាប់ ដោយងាកមកផ្តោតជាសំខាន់លើសេដ្ឋកិច្ចបារាំងដែលកំពុងងើបចេញពីវិបត្តិ COVID-១៩៕