(នួរ ស៊ុលតង់)៖ អាជ្ញាធរកាហ្សាក់ស្ថាន បានឱ្យដឹងថាអំពើហិង្សាដ៏ចលាចលនៅក្នុងប្រទេស បានសម្លាប់មនុស្ស ២២៥នាក់ ដែលនេះជា តួលេខផ្លូវការចុងក្រោយបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អ្នកតំណាងរដ្ឋអាជ្ញាកាហ្សាក់ស្ថានម្នាក់បញ្ជាក់ដូច្នេះថា «កំលុងការអនុវត្ត ការប្រកាសភាពអាសន្ន, មានមនុស្ស ២២៥នាក់បានស្លាប់ ក្នុងនោះរួមមានមន្ត្រីអនុវត្តច្បាប់ និងយោធា ១៩នាក់»។ អ្នកតំណាងរូបនេះបន្ថែមថាក្រុមចោរប្រដាប់អាវុធដែលបានចូលរួមនៅក្នុងការវាយប្រហារភេរវកម្មក៏ត្រូវបានសម្លាប់ផងដែរ តែជាអកុសល ជនស៊ីវិលជាច្រើន នាក់បានក្លាយជាជនរងគ្រោះនៃអំពើភេវកម្ម។

គួរបញ្ជាក់ថា អំពើហិង្សាដ៏ចលាចលនៅក្នុងប្រទេសកាហ្សាក់ស្ថាន កើតឡើងចេញពីបាតុកម្មតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ។ បាតុកម្មតវ៉ាដោយសន្តិវិធី បានបង្កទៅជាងកុបកម្មយ៉ាងហិង្សា រហូតដល់មានការធ្វើអន្តរាគមន៍យោធាពីរុស្ស៊ី ដែលបានធ្វើឱ្យ ស្ថានការណ៍ស្ងប់ស្ងាត់ឡើងវិញ ខណៈយោធារុស្ស៊ីកំពុងដកចេញពីកាហ្សាក់ស្ថាន៕